ជនសង្ស័យឡើងលើដំបូលផ្ទះ គាស់ស័ង្កសីក្នុងហាងលក់កុំព្យូទ័រ ចូលលួចអ៊ីវ៉ាន់ដាក់ក្នុងកាបូបស្ពាយរួចគេចខ្លួនបាត់ តែក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវក្របួចជាប់មកវិញ
ខេត្តសៀមរាប៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ កែរ ណាលុច ហៅបារាំង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ បើកឡានដឹកគ្រឿងសំណង់ បច្ចុប្បន្ន រស់នៅភូមិវិហារចិន សង្កាត់ ស្វាយដង្គំក្រុង ខេត្តសៀមរាប ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទំលុះទំលាយ) កាលពីវេលាម៉ោង ០២និង៣០នាទី យប់ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចហាងលក់កុំព្យូទ័រ ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប។

តាមដំណើររឿង នៅវេលាម៉ោង ០២និង៣០នាទី យប់ឈានចូលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទំលុះទំលាយ) បង្ករឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឡើងលើដំបូលផ្ទះ គាស់ស័ង្កសីចូលក្នុងហាងលក់កុំព្យូទ័រ របស់ជនរងគ្រោះលួចយក computer MacBook Pro ០១គ្រឿង MacBook Air ០១គ្រឿង iPad 11 ០១គ្រឿង iPad Air 4 ០១គ្រឿង iPad 8th ០១គ្រឿង iPad Pro 2020 ០១គ្រឿង កាបូបស្ពាយ០១ និងឯកសារមួយចំនួន ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានគេចខ្លួនបាត់។ ក្រោយពេលកើតហេតុ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោក សុខ ម៉េងអ៊ាង បានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ កែរ ណាលុច ត្រង់ចំណុច ហាងជួសជុលទូរស័ព្ទ ០១កន្លែងក្នុងភូមិវិហារចិន ដោយជនសង្ស័យបានយក iPad របស់ជនរងគ្រោះទៅបិតស្គ្រីន យើងក៏បាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ។
ក្រោយពេលសាកសួរជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះពិតប្រាកដមែន។ ដកហូតវត្ថុតាង៖ computer និង iPad ដែលជារបស់ជនរងគ្រោះ។ លទ្ធផល ធ្វើតេស្ត Covid-19 អវិជ្ជមាន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ រៀបចំនីតិវិធី បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕




ដោយ៖ បងម៉េង ខ្មែរណូត