ថៃកំពុងរៀបចំស្នើរដាក់កន្លែងមួយនេះចូលជាសម្បិត្តិបេតិកភណ្ឌពិភពលោក
ថៃ៖ កាលពីពេលថ្មីៗនេះ ប្រទេសថៃកំពុងរៀបចំឯកសារ ដើម្បីដាក់សំណើរសូមបញ្ចូលឧទ្យានប្រវត្តិសាស្ត្រ Sri Thep ជាសម្បិត្តិបេតិកភណ្ឌពិភពលោក ទៅកាន់អង្គការយូណេស្កូហើយ នេះបើយោងតាមសារព័ត៌អេឡិចត្រូនិច Bangkok Post របស់ថៃ។ យោងតាមលោក Vira Rojpojchanarat រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានឲ្យដឹងថា ឧទ្យានប្រវត្តិសាស្ត្រ Sri Thep មានអាយុកាលប្រមាណជា ២,៥០០ ឆ្នាំ ហើយមានទីតាំងស្ថិតនៅក្នុងស្រុក Sri Thep ខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃរូបនេះបានបញ្ជាក់បន្ថែមថា ពេលនេះក្រុមការងាររបស់លោកកំពុងតែប្រមូលឯកសារ និងភស្តុតាងសំខាន់ៗមួយចំនួន ហើយសំណើរផ្លូវការនឹងត្រូវដាក់ទៅអង្គការយូណេស្កូនៅខែ មករា ឆ្នាំ ២០១៩ ខាងមុននេះ បើជោគជ័យ។ សូមរម្លឹកជូនថា កន្លងមកឧទ្យានប្រវត្តិសាស្ត្រ Sri Thep ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើននាក់ ដោយឧទ្យានមួយនេះតែងមានអ្នកមកទស្សនា និងអ្នកមកសិក្សាអំពីឧទ្យានមួយនេះជាប្រចាំផងដែរ។ ផ្អែកលើចំណុចល្អជាច្រើនរបស់ឧទ្យានមួយនេះ អាជ្ញាធរថៃរំពឹងយ៉ាងមុតមាំថា ឧទ្យានប្រវត្តិសាស្ត្រមួយនេះនឹងអាចក្លាយជាសម្បិត្តិបេតិកភណ្ឌពិភពលោកក្នុងពេលដ៏ឆាប់ខាងមុខ៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost