អាមេរិកនឹងដំឡើងពន្ធលើទំនិញរបស់ចិនដែលមានតម្លៃ ២០០ ពាន់លានដុល្លារបន្ថែមទៀតនៅចុងឆ្នាំនេះ
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសជាផ្លូវការថា អាមេរិកនឹងដំឡើងពន្ធលើទំនិញរបស់ចិន ១០ % បន្ថែមទៀត ពោលគឺត្រូវឡើងដល់ ២៥% នៅឆ្នាំ ២០១៨ នេះ។ បើយោងតាមសារព័ត៌មាន CNN បានឲ្យដឹងថា ទំនិញរបស់ចិនទាំងនោះមានតម្លៃប្រមាណជា ២០០ ពាន់លានដុល្លារ។ គួរម្លឹកជូនថា កាលពីខែ កក្កដា កន្លងទៅនេះ អាមេរិកបានសម្រេចដំឡើងពន្ធលើទំនិញចិនម្តងរួចមកហើយ ដែលកាលនោះមានទំនិញប្រមាណជា ៣០០ ប្រភេទផ្សេងគ្នា រួមមាន នាឡិកា ឧបករណ៍សុខភាព និងសុវត្ថិភាព និងសម្ភារៈសម្រាប់កុមារជាដើម។
ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់អាមេរិកនេះ រដ្ឋាភិបាលចិនក៏បានសម្រេចធ្វើការដំឡើងពន្ធលើផលិតផលអាមេរិក ដែលនាំមកលក់ក្នុងប្រទេសចិនផងដែរ។ ទិន្នាការនេះត្រូវបានគេមើលឃើញថា អាមេរិក និងចិនបានកំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា។ សង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាយក្សទាំងពីរនេះ បានធ្វើឲ្យប្រទេសមួយចំនួននៅតំបន់អាស៊ីត្រៀមខ្លួនដើម្បីទប់ស្កាត់វិបត្តិផ្សេងៗដែលអាចជះឥទ្ធិពលដល់ប្រទេសពួកគេផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN