កូវីដ-១៩

ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីច្រើនជាង ៩,៥០០ នាក់ និងមរណភាពចំនួន ៣៣៧ ករណី កាលពីម្សិលមិញនេះ

BY
autoadmin
August 16, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៩,៥៧៤ ករណី ចេញក្នុងតំបន់ចំនួន ៤១ កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងរលកចុងក្រោយនេះ កើនឡើងដល់ ២៧០,៩៨៦ ករណី។ ទីក្រុងហូជីមិញនៅតែនាំមុខគេនៅក្នុងចំនួនឆ្លងថ្មី ជាមួយនឹងករណីចំនួន ៤,៥១៦ ករណី តាមពីក្រោយដោយមជ្ឈមណ្ឌលឧស្សាហកម្មខេត្តប៊ិញឌួង ដែលមាន ២,៣៥៨ ករណី, ខេត្តដុងណៃ មានចំនួន ៥៤៦ ករណី និងខេត្តឡុងអាន មានចំនួន ៥១៤ ករណី។

ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ៥,៥១៩ នាក់ ដែលនាំឱ្យចំនួនជាសះស្បើយមានសរុបដល់ ១០២,៥០៤ ករណី ខណៈការស្លាប់ថ្មីចំនួន ៣៣៧ ករណី ត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យចំនួនស្លាប់សរុបមានដល់ ៥​,៧៧៤ ករណី។ ចាប់តាំងពីរលកឆ្លងទី០៤ បានផ្ទុះឡើងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ចេញពីខេត្តក្រុងចំនួន ៦២ ក្នុងចំណោមខេត្តក្រុងទាំង ៦៣ របស់ខ្លួន។ ប្រទេសនេះក៏បានឈរនៅលេខរៀង ៧៨ ក្នុងចំណោមប្រទេស ឬដែនដី ដែលមានករណីជំងឺ COVID-19 ច្រើនបំផុត និងទី ៦៦ នៅក្នុងចំណោមប្រទេស ឬដែនដី ដែលមានការស្លាប់ច្រើនបំផុត៕

​អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: