លោកស្រីវេជ្ជបណ្ឌិត លី អាយលែន ណែនាំនូវការអនុវត្តវិធានការការពារចំនួន ២ចំណុច ដើម្បីទប់ទល់នឹងវីរុសបំប្លែងថ្មី ដែលតា
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ថា នេះជាដំណឹងដ៏អាក្រក់ដែលការចរាចររបស់វីរុសដែលតា បានកំពុងនៅជាមួយយើង ប៉ុន្តែក៏នៅមានដំណឹងដ៏ល្អដែរ ដោយយើងនៅមានវិធានការការពារ ហើយនៅមានប្រសិទ្ធភាពនៅឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ក្នុងនោះមានវិធានការសំខាន់ចំនួន ២ចំណុច ដែលនឹងចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ដែលទី១ គឺការចាក់វ៉ាក់សាំង និងទី២ គឺការអនុវត្តវិធានការការពារឱ្យបានត្រឹមត្រូវ និងម៉ត់ចត់ (វិធានការការពារមិនមែនឱសថ) ។

លោកស្រីបានថ្លែងដូច្នេះក្នុងឱកាសរួមដំណើរជាមួយ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីចុះជួបសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយដែលមានព្រះជន្ម ១០០ឆ្នាំឡើង ហើយដែលបានចាក់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន បានមានប្រសាសន៍បន្ថែមថា ៖ “វីរុសដែលតានេះមានសមត្ថភាពចម្លងបានលឿនណាស់ និងបណ្តាលឱ្យគ្រោះថ្នាក់ចំពោះសុខភាពខ្លាំងណាស់ដែរ ហេតុដូច្នេះហើយ បើសិនជាយើងចាក់វ៉ាក់សាំងបានគ្រប់គ្នានោះ នោះបើសិនជាវីរុសដែលតាបានឆ្លងមកលើបុគ្គល ឬឆ្លងចូលសហគមន៍ នោះយើងនឹងឃើញនូវការថយចុះចំពោះការប្រឈមនឹងសេចក្តីស្លាប់ ក៏ដូចជាការចូលសម្រាកពេទ្យ។ ប៉ុន្តែខ្ញុំសូមជម្រាបជូនថា បើទោះជាចាក់វ៉ាក់សាំងរួច ប៉ុន្តែបុគ្គលនោះនៅតែអាចឆ្លងមេរោគកូវីដ-១៩ ដដែល”។
ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងអបអរសាទរ ចំពោះកម្មវិធីចាក់វ៉ាក់សាំងរបស់ព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែអ្វីដែលលោកស្រីបារម្ភនោះ គឺការអនុវត្តវិធានការការពារខ្លួន ព្រោះថាបើបុគ្គលគ្រប់រូបមិនបានចូលរួមវិធានការការពារខ្លួន ឬក៏បញ្ឈប់ការចូលរួមអនុវត្តវិធានការនេះលឿនពេក នៅពេលនោះហើយយើងនឹងមើលឃើញពីការផ្ទុះការរាតត្បាតឡើងវិញនូវករណីឆ្លងវីរុសកូវីដ-១៩នេះ។
ដើម្បីចៀសវាងករណីផ្ទុះការរាលដាលនេះ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមមេត្តាកុំបន្ធូរបន្ថយនូវការអនុវត្តវិធានការការពារដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសគឺវិធានការ ០៣ការពារ និង០៣កុំ ដែលជាវិធានការដ៏មានប្រសិទ្ធភាពបំផុត។
សូមបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរអនុវត្តសកម្មភាពមនុស្សធម៌នៅខេត្តរតនគិរីលើកនេះ ក៏មានវត្តមានចូលរួមរបស់លោកវេជ្ជបណ្ឌិត តាកេស៊ី កាសៃ អគ្គនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកភាគខាងលិច ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនចូលរួមផងដែរតាមរយៈប្រព័ន្ធវីដេអូខនហ្វេរេន ដោយលោកវេជ្ជបណ្ឌិតមានបំណងជួប និងមានប្រសាសន៍ដោយផ្ទាល់លើកទឹកចិត្តដល់អ្នកដែលបានចាក់វ៉ាក់សាំង៕ ដោយ ផែន រតនៈ សម្រួលផ្សាយដោយ៖ ធូ កុសល
