កម្ពុជា-ចិន ឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួងពីរបន្ថែមទៀត
កម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាថា យន្តការ «២+២» នឹងដើរតួនាទីជាវេទិកាដ៏សំខាន់មួយ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតប ចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានឡើង ទាំងក្នុងប្រទេសរៀងៗខ្លួន ទាំងក្នុងតំបន់និងសកលលោក។

យោងតាមលទ្ធផលនៃកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ២+២ លើកទីមួយ រវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ភាគីទាំងពីរក៏បានឯកភាពដំឡើងកិច្ចសន្ទនា ២+២ ទៅជា ៣+៣ ដោយមានការចូលរួមពីក្រសួង មហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បី ឆ្លើយតបនឹងការកើនឡើងនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនិងការវិវត្តនៃសភាពការណ៍តំបន់និងអន្តរជាតិ។
ប្រភពដដែល បានបន្តថា តាមរយៈសន្ទនាជាយុទ្ធសាស្ត្រ ២+២ នេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ ការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងការលើកកម្ពស់ការសម្រប សម្រួលក្នុងចំណោមក្រសួង និងស្ថាប័ននៃប្រទេសទាំងពីរ៕





ប្រភព ក្រសួងព័ត៍មាន