ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលបានយកអគារអង្គរកូអ៊ិចនៅខេត្តសៀមរាប ត្រៀមទុកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវិដ១៩កម្រិតធ្ងន់ថ្នាក់តំបន់

    BY Khmernote Media August 23, 2021
    ក្រសួងសុខាភិបាលបានយកអគារអង្គរកូអ៊ិចនៅខេត្តសៀមរាប ត្រៀមទុកធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវិដ១៩កម្រិតធ្ងន់ថ្នាក់តំបន់

    សៀមរាប ថ្ងៃទី២២ ខែសីហាឆ្នាំ២០២១- យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២១នេះ បានចុះទៅពិនិត្យមើលអគារអង្គរកូអ៊ិច ដែលស្ថិតនៅ ក្រុងសៀមរាប ខេត្តសៀមរាប ដែលកំពុងដំណើរការរៀបចំសម្រាប់តៀមទុកដាក់ព្យាបាលអ្នកជំងឺកូវិដ១៩កម្រិតធ្ងន់។

    ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ទីតាំងនេះត្រូវបានសម្រេចរៀបចំត្រៀមទុកធ្វើជាកន្លែងដាក់ព្យាបាលអ្នកជំងឺកម្រិតធ្ងន់ថ្នាក់តំបន់ ដែលអាចដាក់អ្នកជំងឺបានប្រមាណ៤០០គ្រែ ជាអ្នកជំងឺធ្ងន់ត្រូវប្រើអុកស៊ីសែន ដែលនឹងត្រូវបញ្ជូនមកបណ្តាខេត្តនានានៅខាងជើងបឹងទន្លេសាប នៅពេលដែលនៅតាមមន្ទីរពេទ្យខេត្ត នៃខេត្តទាំងនោះទ្រទ្រង់មិនរួច។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា កន្លែងនេះ នឹងបើកឱ្យដំណើរការឆាប់ៗនេះ ប្រសិនករណីមានអ្នកជំងឺកូវីដ១៩កម្រិតធ្ងន់មានចំនួនច្រើន។ ដោយពេលនេះក្រុមការងារកំពុងតែមមាញឹកក្នុងការរៀបចំ ដែលរហូតមកដល់ពេលស្ទើរតែរួចរាល់ហើយ។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានចុះទៅពិនិត្យមើលទីតាំងក្លឹបកីឡារបស់សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តសៀមរាប ដែលអាជ្ញាធរខេត្តសៀមរាបកំពុងតែដំណើរការរៀបចំត្រៀមដាក់ព្យាបាលអ្នកជំងឺកម្រិតស្រាល ដែលទីតាំងនេះ អាចដាក់អ្នកជំងឺបានប្រមាណ១ពាន់នាក់ផងដែរ។

    ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានខិតខំក្នុងការចាក់វ៉ាក់សាំងបង្ការការឆ្លងជំងឺកូវីដ១៩ ទាំងមនុស្សធំ កុមារ និងយុវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅ១៧ឆ្នាំ និងការចាក់វ៉ាក់សាំងដូសទី៣ដែលជាដូសជំរុញដល់មន្រ្តីជួរមុខ ដែលការចាក់វ៉ាក់សាំងនេះ ឃើញថា មាននិន្នាការថយចុះ។

    ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការការពារកូវីដ១៩ឱ្យបានខ្ពស់បន្ថែមទៀត ជាពិសេសពេលចេញក្រៅ ទៅផ្សារ ឬទៅធ្វើការងាររកស៊ី ត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវ និងសាងសម្អាតដៃឱ្យជាប់ជានិច្ច៕ដោយ ឃុត សៅ

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: