Jack Ma ថា សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន បានបំផ្លាញឱកាសការងារ ១ លានកន្លែងនៅអាមេរិក
កាលពីឆ្នាំមុនអគ្គនាយកប្រតិបត្តិក្រុមហ៊ុនលក់ទំនិញតាមបណ្តាញអ៊ីនធើណិត Alibaba គឺលោក Jack Ma ធ្លាប់បានសន្យាជាមួយនឹងលោកប្រធានាធិបតីអាមេរិកថា ក្រុមហ៊ុនរបស់លោកនឹងជួយបង្កើតការងារឲ្យប្រជាពលរដ្ឋអាមេរិកចំនួន ១ លានកន្លែង។ ការសន្យានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំផ្លូវការមួយរវាងលោកមហាសេដ្ឋី Jack Ma ជាមួយនឹងលោកប្រធានាធិបតីអាមេរិក Donald Trump ដែលបានរៀបចំឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
យ៉ាងណាក្តី ការសន្យាមួយនេះទំនងជាមិនអាចកើតមានឡើងទេ ក្រោយអាមេរិក និងចិន កំពុងតែមានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌ មានចិន Xinhua លោក Jack Ma បានថ្លែងច្បាស់ៗថា សង្គ្រាមពាណិជ្ជកម្មបានបានសម្លាប់គម្រោងបង្កើតការងារចំនួន ១ លានកន្លែងនៅអាមេរិក ដែលលោកធ្លាប់សន្យានោះហើយ។
លោកបានបន្តថា នៅពេលដែលអាមេរិកសម្រេចតំឡើងពន្ធលើផលិតផលចិនដូចនេះ វាក៏បានប៉ះពាល់ដល់ការនាំចេញផលិតផលចិនផងដែរ ហើយបើការនាំផលិតផលចិនទៅកាន់អាមេរិកមានការថយចុះ ក្រុមហ៊ុន Alibaba ក៏មិនអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋអាមេរិកផងដែរ។ គួរម្លឹកជូនថា កាលពីពេលថ្មីៗនេះអាមេរិកបានសម្រេចតំឡើងពន្ធលើផលិតផលចិន ដែលមានតម្លៃរហូតដល់ ២០០ ពាន់លានដុល្លារ នៅចុងឆ្នាំ ២០១៨ នេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN