កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជាដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃ២៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កម្ពុជាស្នើភាគីថៃ ជួយព្យាបាលពលករកម្ពុជាដែលឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេលកំពុងស្វែងរកការងារធ្វើនៅប្រទេសថៃ ដើម្បីពួកគាត់ទទួលបានការគាំពារផ្នែកសុខភាពដូចជាប្រជាពលរដ្ឋថៃដែរ។

កាស្នើនេះ ធ្វើឡើងក្នុងកិច្ច ប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាព កម្ពុជា-ថៃ តាមប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង(VTC) នៅទីបញ្ជាការយោធភូមិភាគទី៥ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ កម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិ ភាគទី៥ ប្រធានក្រុមការងារលេខា និងមន្ត្រីរាជការ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ជួបប្រជុំពិភាក្សា ជាមួយភាគីថៃ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ក្រៃភព ឆៃយ៉ាក់ផាន់ នាយសេនា ធិការកងទ័ពភូមិភាគទី១ ក្រុមលេខា និងមន្ត្រីរាជការ ខេត្តស្រះកែវ ប្រជុំពិភាក្សាការងាររាជការ និងអភិវឌ្ឍន៍សម្ព័ន្ធមេត្រីភាពកម្ពុជា-ថៃ រវាងយោធភូមិភាគទី៥ ជាមួយកងទ័ពភូមិភាគទី១ តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (VTC)។
ក្នុងកិច្ចប្រជុំអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងពិភាក្សាការងាររាជការ រវាងកងទ័ពភូមិភាគទី១ ជាមួយយោធភូមិភាគទី ៥ នាព្រឹកនេះគឺបានលើកបញ្ហាចំនួន៤ យកមកពិភាក្សារួមមាន៖
-ទី១.ការការពារ និងទប់ស្កាត់ពលករឆ្លងដែន និងការរៀបចំការងារសម្រាប់ពលករ
-ទី២.បញ្ហាគ្រឿងញៀន
-ទី៣.បញ្ហាផ្ទុះជំងឺក្នុងស្ថានការណ៍បច្ចុប្បន្ន
-ទី៤.បញ្ហាល្បែង ភ្នាល់តាមអនឡាញ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានស្នើឱ្យភាគីថៃជួយព្យាបាលពលករកម្ពុជាដែលមានជំងឺកូវីដ-១៩ ជា ពិសេសពលករដែលកំពុងស្វែងរកការងារធ្វើក្នុងប្រទេសថៃ និងស្នើភាគីថៃជួយសម្រប សម្រួលករណីពលករខ្មែរឆ្លង ដែនខុសច្បាប់មិនទាន់បានប្រព្រឹត្តទោសធ្ងន់ធ្ងរ សូមបញ្ជូនខ្លួនពលករទាំងនោះត្រឡប់មកកម្ពុជាវិញ និងជួយទប់ស្កាត់មិនឱ្យមានមេខ្យល់រង់ចាំទទួលពលករខុសច្បាប់ពីកម្ពុជា ។
ភាគីទាំងពីរ បានស្នើសុំឱ្យកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធនៅជួរមុខ និងស្ថាប័នជំនាញដែលមានការពាក់ព័ន្ធទាំងពីរភាគីរួមគ្នាពិចារណា ដើម្បីកំណត់ជា គោលការណ៍សម្រាប់ធ្វើការដោះស្រាយបញ្ហាផ្សេងៗតាមព្រំដែនឱ្យសមស្របជាប្រទេសមានភូមិផងរបងជាមួយគ្នា។ ក្នុងកិច្ចប្រជុំនាព្រឹកនេះដែរ ភាគីទាំងពីរបានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ និងផ្អែកលើទស្សនៈផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបរិវេណព្រំដែន ៕




ប្រភព៖ ក្រសួងព័ត៌មាន