ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវ០១ខ្សែក្នុងខណ្ឌ៧មករា ដែលតែងរងការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃដោយសារអាជីវករយកទ្រូងផ្លូវដាក់លក់បន្លែនិងទំនិញ ត្រូវបាននគរបាលសណ្តាប់ធ្នាប់ចុះទៅណែនាំនិងទុកពេល០៣ថ្ងៃរុះរើឱ្យអស់ទៅរកកន្លែងលក់ផ្សេង

    BY Khmernote Media August 28, 2021
    ផ្លូវ០១ខ្សែក្នុងខណ្ឌ៧មករា ដែលតែងរងការកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃដោយសារអាជីវករយកទ្រូងផ្លូវដាក់លក់បន្លែនិងទំនិញ ត្រូវបាននគរបាលសណ្តាប់ធ្នាប់ចុះទៅណែនាំនិងទុកពេល០៣ថ្ងៃរុះរើឱ្យអស់ទៅរកកន្លែងលក់ផ្សេង

    រាជធានីភ្នំពេញ ៖ ផ្លូវ០១ខ្សែក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលរងការកកស្ទះចរាចរណ៍លំបាកក្នុងធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសារអាជីករយកទ្រូងផ្លូវដាក់លក់បន្លែ និងទំនិញ ត្រូវបាននគរបាលការិយាល័យសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌ៧មករា ចុះទៅណែនាំនិងទុកពេលវេលា០៣ថ្ងៃឱ្យអាជីវកររុះរើឱ្យអស់ហើយទៅរកកន្លែងផ្សេងលក់វិញ ដើម្បីសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍នៅលើកំណាត់ផ្លូវមួយនេះឱ្យមានរៀបរយឡើងវិញ។

    នៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញបានបើកយុទ្ធនាការនៃការចុះអនុវត្តរឹតបន្តឹងរៀបចំសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ។ការចុះទៅរៀបចំសណ្តាប់ធ្នាប់ពីសំណាក់កម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវលេខ១៤១ កែងផ្លូវលេខ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា នៅចំណុចផ្លូវ០១ខ្សែខាងលើគឺបានរងការរំលោភបំពានយកទ្រូងផ្លូវធ្វើអាជីវកម្មពីសំណាក់បងប្អូនអាជីវករជាយូរមកហើយ កន្លងមកគឺអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះទៅរៀបចំសណ្តាប់ធ្នាប់ជាបន្តបន្ទាប់ហើយដែរ ប៉ុន្តែដូចវែកចក នៅពេលអាជ្ញាធរ សមត្ថកិច្ចចុះទៅណែនាំគឺពួកគាត់បានចូលរួមអនុវត្តនៅពេលសមត្ថកិច្ចចុះតែប៉ុណ្ណោះ បន្ទាប់មកសមត្ថកិច្ចដកថយគឺពួកគាត់យកបន្លែ និងទំនិញដាក់លក់លើទ្រូងផ្លូវដដែល ។

    លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ជាគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ គឺមិនអនុញ្ញាតឱ្យបងប្អូនអាជីវករធ្វើអាជីវកម្មរបៀបអាណាធិបតេយ្យបែបនេះបង្កប៉ះពាល់សណ្តាប់នោះទៀតទេ កម្លាំងសមត្ថកិច្ចជាថ្ងៃដំបូងបានចុះណែនាំនឹងរៀបចំសណ្តាប់ធ្នាប់បណ្តោះអាសន្ននោះសិន ដោយបានទុកពេលវេលា ០៣ថ្ងៃឱ្យបងប្អូនរៀបចំទៅរកកន្លែងប្រកបអាជីវកម្មផ្សេងវិញ បើក្នុងករណីដល់ពេលវេលាកំណត់ មិនព្រមអនុវត្តនិងប្រឈមរងការផាកពិន័យតាមច្បាប់។

    លោកវរសនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ដឹងទៀតថា ជុំវិញនៃការរឹតបន្តឹងសណ្តាប់ធ្នាប់នេះផងដែរ កម្លាំងការិយាល័យសណ្តាប់ធ្នាប់អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងបន្តចុះសហការជាមួយកម្លាំងតាមបណ្តាខណ្ឌទាំង១៤ដើម្បីចេញដោះស្រាយទៅលើបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ឱ្យបានប្រសើរឡើងដោយ អនុវត្តតាមគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ។

    សូមបញ្ជាក់ថាកាងារពង្រឹងសណ្តាប់ធ្នាប់សាធារណៈនេះដែរកាលពីដើមខែសីហា កន្លងទៅនេះកម្លាំងនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលខណ្ឌទួលគោកក៏បានចុះទៅរៀបចំនិងដោះស្រាយសណ្តាប់ធ្នាប់តាមដងមហាវីថិម៉ៅស៊ីទុង និងចំណុចផ្លូវចូលផ្សារនាគមាស ក្នុងខណ្ឌទួលគោក ដែលគោលដៅនេះមានការឈប់យានយន្តគ្មានសណ្តាប់ធ្នាប់ និងការរំលោភបំពានយកទ្រូងផ្លូវធ្វើអាជីវកម្ម ពីសំណាក់បងប្អូនអាជីវករ។

    ជុំវិញនៃការរឹតន្តឹបងពង្រឹងការអនុវត្តការងារសណ្តាប់ធ្នាប់នេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គម ប្រចាំខែកក្កដា លើកទិសដៅការងារប្រចាំខែសីហា កន្លងទៅនេះ ក៏បានដាក់បទបញ្ជាទៅលោកស្នងការរងទទួលផែនការងារ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបង្កើនការយកចិត្តទុកដាក់ចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅតំបន់ដែលស្មុគស្មាញបង្កប៉ះពាល់សុវត្ថិភាពចរាចរណ៍ និងធ្វើឱ្យបានម៉ឺងម៉ាត់បំផុតជាប្រចាំ ជាពិសេសបញ្ជាឱ្យប្រើប្រាស់រថយន្តស្ទូចយកទៅស្ទូចចំពោះយានយន្តទាំងឡាយណាដែលឈប់ចតគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវដើម្បីយកមកចាត់ការតាមផ្លូវច្បាប់និងការហាមឃាត់មិនឱ្យការដឹកសំពីងសំពោងចូលក្រុងនោះផងទៀត៕

    ប្រភព៖ នាយកដ្ឋាផ្សព្វផ្សាយអប់រំ

    Share This Post: