រាជរដ្ឋាភិបាលចេញសេចក្តីណែនាំ “ពង្រឹងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១” ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំមួយដោយ «ពង្រឹងការអនុវត្តយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១» ព្រមទាំងណែនាំពង្រឹងការអនុវត្តការងារចំនួន៤ចំណុចបន្ថែមទៀត។ នៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ បានប្រមាណ៨៩ភាគរយ ធៀបនឹងគោលដៅប្រមាណ១២លាននាក់។ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅជុំទី១ ត្រូវបានរំពឹងថា នឹងអាចបញ្ចប់នៅចុងខែតុលា ឬដើមវិច្ឆិកាខាងមុខនេះ មុនផែនការដែលបានគ្រោងទុក។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវ គោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ជូនប្រជាជន ដើម្បីធានាឲ្យបាននូវ «ភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ» សំដៅទប់ទល់នឹងការវាយលុកនៃមេរោគប្រភេទ Delta ក្នុងសហគមន៍ និងការត្រៀមលក្ខណៈ សម្រាប់ការឈានឆ្ពោះទៅកាន់ ផែនការបើកដំណើរការប្រទេសពេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។
