ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវដល់អភិបាលរាជធានី-ខេត្ត ត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ដូសទី១

    BY Khmernote Media August 30, 2021
    មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល អំពាវនាវដល់អភិបាលរាជធានី-ខេត្ត ត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់ដូសទី១

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអំពាវនាវដល់អភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូសទី១ ដើម្បីធានាបាននូវភាពស៊ាំក្នុងសហគមន៍ ក៏ដូចជា ឈានទៅបើកដំណើរការឡើងវិញនូវសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

    ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា គវក១៩ តែងតែបានធ្វើការណែនាំទៅដល់ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សំាងកូវីដ១៩ថ្នាក់ខេត្ត និងបានគាំទ្រទៅដល់បណ្តារាជធានីខេត្តទាំង២៥ ដើម្បីរុញច្រានធ្វើយ៉ាងណា ឱ្យដំណើរការចាក់វ៉ាក់សំាងនេះ ប្រកបទៅដោយភាពរលូនតាមគោលដៅដែលបានកំណត់។

    លោកជំទាវបានបញ្ជាក់ថា ទោះបីដំណើរការ ប្រព្រឹត្តិទៅដោយរលូនក្តី ប៉ុន្តែក៏នៅមានចំណុចមួយចំនួនទៀត ដែលនៅសេសសល់ក្នុងយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ១៩ ដូច្នេះលោកជំទាវវជ្ជបណ្ឌិត អំពាវនាវដល់អាជ្ញាធរទូទាំង២៥រាជធានីខេត្ដ ត្រូវធ្វើចលនាឱ្យបានសស្រាក់សស្រាំ ដើម្បីក្រើនរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។

    មិនតែប៉ុណ្ណោះអាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានញឹកញាប់អំពីយុទ្ធនាការ ចាក់វ៉ាក់សាំង ចំពោះប្រជាពលរដ្ឋដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទី១ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានកាន់តែលម្អិត នៃទីតាំងចាក់វ៉ាក់សាំង និងដើម្បីសម្រេចឱ្យបានតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងគោលដៅ១០លាននាក់ លើប្រជាជនអាយុពី១៨ឆ្នាំឡើង ក្នុងអំឡុងចុងខែតុលា ឬដើមខែវិច្ឆិកាឆ្នាំ២០២១នេះ។

    សំឡេង៖ «អនុគណៈកម្មការចំពោះកិច្ចកូវីដ១៩ក្នុងក្របខ័ណ្ឌរាជធានីខេត្ត ទាំង២៥នេះ ជាពិសេសនិងអាជ្ញាធរមូលដ្ឋាន ព្រោះអាជ្ញាធរ មូលដ្ឋានសំខាន់ណាស់ ដោយសារតែគាត់គឺជាអ្នកក្ដាប់ចំនួនពលរដ្ឋបានច្បាស់ ដូចនេះសូមឱ្យអាជ្ញាធរ ចុះទៅធ្វើជំរឿនប្រជាពលរដ្ឋ និង សម្រង់ទិន្នន័យនៅតាមខ្នងផ្ទះនីមួយៗឱ្យបានច្បាស់លាស់ជាទីបំផុត ថាតើផ្ទះមួយហ្នឹងមានសមាជិកប៉ុន្មាននាក់? ឧទាហរណ៍ ប្រសិនបើ គាត់មានសមាជិក៨នាក់ តើថាក្នុងចំណោម៨នាក់ហ្នឹង គាត់បានចាក់ហើយប៉ុន្មាននាក់។ អ៊ីចឹងប្រសិនបើឃុំនីមួយៗសម្រេចបានហើយ បូកបញ្ចូលគ្នាទៅ យើងនឹងអាចស្វែងរកឃើញនូវចំនួនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង។ ហើយអ៊ីចឹងយើងនឹងជំរុញបន្ថែមទៀត ម្យ៉ាងវិញទៀតវាក៏ជាព័ត៌មានមួយដែលជំនួយទៅដល់ការស្វែងរកវ៉ាក់សាំងបន្ថែមទៀត ដើម្បីចាក់ ជូនប្រជាពលរដ្ឋដែលនៅសេសសល់»។

    លោកជំទាវវជ្ជបណ្ឌិត បន្តអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមប្រញាប់ទៅទទួលយក ការចាក់វ៉ាក់សាំង ព្រោះជំងឺកូវីដ១៩នៅតែចរាចរនៅកម្ពុជា ពិសេសប្រភេទបំប្លែងថ្មី។ លោកជំទាវវជ្ជបណ្ឌិតបញ្ជាក់ថា សម្រាប់នៅ រាជធានីភ្នំពេញនិងតាមមន្ទីរពេទ្យរដ្ឋមួយចំនួន ដូចជាមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលគាំពារមាតានិងទារក កំពុងបន្ដទទួលចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនពលរដ្ឋដែលនៅសេសសល់មិនទាន់បានចាក់ ហើយប្រជាពលរដ្ឋក៏មកទទួលយកការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាបន្ដបន្ទាប់ផងដែរ។

    សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១០,៥៦២,៩៩៥នាក់ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: