ទៅដើរលេងក្នុងទីក្រុងបាងកក កុំឲ្យចំណីសត្វព្រាបនៅទីសាធារណៈឲ្យសោះ ប្រយ័ត្ននាំទុក្ខដាក់ខ្លួន
ថៃ៖ សាលាក្រុងប្រចាំទីក្រុងបាងកក ប្រទេសថៃ បានសម្រេច ចេញច្បាប់ថ្មីមួយគឺ ជនណាដែលហ៊ានផ្តល់ចំណីដល់សត្វព្រាបនៅទីសាធារណៈនឹងត្រូវជាប់គុករយៈពេល ៣ ខែ និងពិន័យជាប្រាក់ចំនួន ២៥,០០០ បាត (៧៧២ ដុល្លារ)។ ការចេញច្បាប់ថ្មីនេះគឺ ដើម្បីទប់ស្កាត់ការកើនឡើងនៃចំនួនសត្វព្រាប និងទប់ស្កាត់ការរីករាលដាលនៃជំងឺ ដែលមាននៅក្នុងសត្វព្រាបនោះ។
គួរម្លឹកជូនថាការចេញច្បាប់ថ្មីរបស់សាលាក្រុងខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធចាន់អូចា បានថ្លែងថា សាលាក្រុងបាងកក និងស្ថាប័នដែលពាក់ព័ន្ធត្រូវបន្តឹងច្បាប់លើការឲ្យចំណីបក្សីតាមទីសាធារណៈ ដើម្បីរក្សាអនាម័យនៅទីសាធារណៈផង និងដើម្បីការពារការចម្លងមេរោគផ្សេងៗនៅទីសាធារណៈផង ព្រោះភាពកខ្វក់ និងបក្សីមួយចំនួនអាចបង្កឲ្យមានការសាយភាយមេរោគបាន។
សម្រាប់ក្រុមអ្នកវិភាគសង្គមវិញបានមើលឃើញថា ការអនុវត្តច្បាប់ខាងលើគឺជារឿងល្អមួយ ហើយអ្នកក្រុមអ្នកលក់ចំណីសត្វនៅតាមទីសាធារណៈទាំងអស់ក៏ត្រូវយល់ពីបញ្ហានេះដែរ។ សូមបញ្ជាក់ជូនថា នៅក្នុងទីក្រុងបាងងកមានសួនសាធារណៈចំនួន ៥៧ កន្លែង ហើយជាធម្មតានៅតាមសួនទាំងនេះ មានសត្វព្រាបហើរមករកចំណីច្រើនណាស់៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost