ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា នៅរាជធានីភ្នំពេញ អត្រាឆ្លងជំងឺកូវីដ-១៩ បានថយចុះខ្លាំង នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ និងការខិតខំប្រឹងប្រែង របស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ បានធ្វើឱ្យការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ មានការថយចុះ យ៉ាងខ្លាំង ។ ការថយចុះនេះជាសញ្ញាដ៏ល្អមួយក្នុងការបើករាជធានីភ្នំពេញទៅជាធម្មតាឡើងវិញ ទាំងវិស័យទេសចរណ៍និងសាលារៀន ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference )ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នារសៀលថ្ងៃទី០១ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីរិះរកគ្រប់មធ្យោបាយ ឈានទៅរកការកាត់ផ្តាច់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា(Delta)។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជម្ងឺកូវីដ-១៩បានថយចុះយ៉ាងខ្លាំងក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ដែលជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញឱ្យមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍និងការបើកសាលារៀនឡើងវិញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ការថមថយនៃការឆ្លងជំងឺកូវីដ-១៩នេះ ពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាលរដ្ឋរបស់សម្តេចតេជោហ៊ុន សែន និងការខិតខំ ប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ ។ ឯកឧត្ដមឃួង ស្រេង បន្តថា យើងបានអនុវត្តការងារ លើការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ ដោយពីមុនមានអ្នកជម្ងឺកវីដ-១៩ កើតមានច្រើន ចំណែក អ្នកស្លាប់ ដោយជម្ងឺកូវីដ-១៩ បានថយចុះពី៣០នាក់ មកនៅត្រឹម៦នាក់ឬ២នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ។ ដែលនេះជាមោទនភាពរបស់យើងទាំងអស់គ្នា ដែលយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៀត។
ក្នុងឱកាសនោះដែរ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងផងដែរថា រាជធានីភ្នំពេញ បានឈានទៅរកភាពល្អប្រសើរហើយ បើយើងមើលទៅលើលទ្ធផលនៃការឆ្លងជម្ងឺកូវីដ-១៩ ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះ ពោលគឺក្នុងចំនួនមនុស្ស១៨៩៨នាក់ដែលត្រូវយកសំណាក រកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួនតែ២៨នាក់ប៉ុណ្ណោះ ស្មើនឹង ៣,៥៦ ភាគរយ ក្នុងនោះមានប្រភេទ ដែលតា ចំនួន១១នាក់ស្មើនឹង១,៤៨ភាគរយ។
លទ្ធផលនេះ គឺពិតជាបានមកពីការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋនិងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ ៕

ប្រភព៖ ក្រសួងព័ត៌មាន