ព័ត៌មានជាតិ

រយៈពេលព្យុះភ្លៀងប៉ុន្មានថ្ងៃនេះ តំបន់ភូមិសាស្ត្រ ៥ខណ្ឌ ក្នុងទីក្រុងបានដោះស្រាយបញ្ហាទឹកលិចបានយ៉ាងល្អប្រសើរ ប៉ុន្តែក៏ជួបបញ្ហាប្រឈមដោយភ្លៀងលិចនៅតំបន់មួយចំនួនផងដែរ

BY
srey nuch
September 2, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងរយៈពេលព្យុះភ្លៀងប៉ុន្មានថ្ងៃនេះ តំបន់ភូមិសាស្ត្រ ៥ខណ្ឌ ក្នុងទីក្រុងត្រូវបានដោះស្រាយបញ្ហាទឹកលិចបានយ៉ាងល្អប្រសើរ។

ប៉ុន្តែក៏នៅមានបញ្ហាប្រឈមដោយទឹកភ្លៀងលិចនៅតំបន់មួយចំនួននៅខណ្ឌជាយក្រុង ដូចជា តំបន់ផ្លូវជាតិលេខ៤ ចោមចៅ តំបន់គោកបញ្ជាន់ តំបន់ទួលពង្រ តំបន់បឹងទំពុន តំបន់ផ្លូវជាតិលេខ២ ចាក់អង្រែ និងស្តុបម៉ុងឌីយ៉ាល់ ដែលព្រឹកថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងារកំពុងបូមស្តារបណ្តាញលូខាងលើដោយប្រើប្រាស់រថយន្តចំនួន ១៥គ្រឿង។

ជាមួយនឹងសមត្ថភាពស្ថានីយ៍បូមទឹកបញ្ចញក្រៅក្រុងកើនឡើងចំនួន ៣ដង គួបផ្សំនឹងការកាយស្តារភក់ សំរាមតាមប្រឡាយមេចំនួន ១០ខ្សែដែលបានអនុវត្តរួចរាល់ថ្មីៗនេះ ធ្វើអោយការលិចលង់ដោយទឹកភ្លៀងមានរយៈពេលខ្លីប៉ុណ្ណោះ។ សូមចូលរួមកាយសំរាមកកស្ទះមុខអណ្តូងលូនៅមុខផ្ទះរៀងៗខ្លួន ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

Share This Post: