ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍រាប់ពាន់នាក់នាំគ្នាសំរុកទៅមើលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នាព្រឹកនេះ
- September 23, 2018
សៀមរាប៖ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ ជាច្រើនពាន់នាក់ សំរុកចូលបរិវេណប្រាង្គប្រាសាទ អង្គរវត្ត ដើម្បីរងចាំទស្សនា ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៨ ដែលជាវេលាថ្ងៃ និងយប់មានរយៈពេលស្ទើរតែស្មើគ្នា ដែលបណ្តាលអោយព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាង្គប្រាសាទ អង្គរវត្ត កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ជារៀងរាល់ឆ្នាំ សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា ដែលបណ្តាលអោយព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាង្គប្រាសាទ អង្គរវត្តនាពេលព្រឹកព្រលឹមស្រាងៗ។
ភ្ញៀវជាតិ-អន្តរជាតិ បានមកជួបជុំគ្នា យ៉ាងច្រើនកោះករ ដើម្បីរងចាំទស្សនា ព្រឹត្តិការណ៍សមរាត្រីឆ្នាំ២០១៨នេះ បើទោះបីអាកាសធាតុមិនអំណោយផល យ៉ាងណាក៏ដោយ ។
នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃជាច្រើនទៀត ដែលបញ្ជាក់ថា ប្រាសាទអង្គរ បែរមុខទៅទិសខាងលិច គឺដើម្បីមើលថ្ងៃរះចំកំពូលកណ្ដាល ព្រោះប្រាសាទអង្គរជាក្រឹត្យនៃការមើលពេលវេលាដំណើរនៃព្រះអាទិត្យ។
ទាំងនេះជាចំណេះដឹងផ្នែកតារាសាស្រ្ដ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកអោយ។ ប្រសិនបើយើងបានសិក្សាអោយយល់ពីជម្រៅនៃចំណេះបង្កប់ប្រស្នាបន្ថែមទៀតនោះ គឺពិតជាមានមោទនភាពក្រៃលែងបំផុតដែលបានកើតនៅលើទឹកដីអច្ឆរិយៈនេះ និងដែលបានទទួលមរតកអច្ឆរិយៈទាំងអស់នេះ ពីគំនិតដ៏អច្ឆរិយៈរបស់បុព្វបុរសដែលបន្សល់ទុកអោយ ដែលអ្វីៗទាំងអស់សុទ្ធតែបង្កប់នូវអច្ឆរិយៈភាព គ្រាន់តែយើងមិនទាន់បានស្គាល់ និងបានដឹងគ្រប់ជ្រុងជ្រោយតែប៉ុណ្ណោះ៕



ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប
- Share This Post:






