កូវីដ-១៩

ប្រទេសវៀតណាមរកឃើញករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន ១៣,១៨៦ ករណី និងការបាត់បង់ចំនួន ២៧១ ករណី នៅយប់ថ្ងៃព្រហស្បតិ៍នេះ

BY
autoadmin
September 3, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៣,១៨៦ ករណី នៅក្នុងតំបន់ចំនួន ៣៩ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅរលកឆ្លងចុងក្រោយនេះកើនឡើងដល់ ៤៨២,៤៩៨ ករណី។ តំបន់ទាំង ៣ ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ គឺទីក្រុងហូជីមិញមាន ៥,៩៦៣ ករណី, ខេត្តប៊ិញឌួងមាន ៤,៥០៤ ករណី និងខេត្តដុងណៃមាន ៨០៣ ករណី។

ក្នុងចំណោមចំនួនឆ្លងទាំងអស់នៅថ្ងៃដដែល មានករណីចំនួន ៧,២៥៥​ ករណី ត្រូវបានរកឃើញនៅក្នុងតំបន់ដាច់ដោយឡែក និងកន្លែងបិទខ្ទប់ ហើយក្រៅពីនោះគឺត្រូវបានរកឃើញនៅក្នុងសហគមន៍ ដែលមានប្រភពនៃការចម្លងមិនច្បាស់លាស់។

ការជាសះស្បើយចំនួន ១០,៦០២ ករណី ក៏ត្រូវបានប្រកាសផងដែរ ដែលនាំឱ្យចំនួនជាសះស្បើយមានដល់ ២៥៩,៣២៤ ករណី។ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសវៀតណាមបានកើនឡើងដល់ ១២,១៣៨ នាក់ បន្ទាប់ពីការស្លាប់ចំនួន ២៧១ ករណី ត្រូវបានបញ្ជាក់នៅត្រឹមយប់ថ្ងៃព្រហស្បតិ៍ ដែលស្មើនឹងប្រមាណ ២.៥% នៃករណីឆ្លងទាំងអស់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: