ចង់ស៊ីដាច់ម៉ូតូមិត្តភក្តិ តែស៊ីមិនទាន់ដាច់ផង ក៏ត្រូវសមត្ថកិច្ចក្របួចជាប់ទាំងម៉ូតូទាំងអ្នកស៊ី
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១និង០០ នាទី នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯក លឹមពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល។

បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណីរំលោភ លើទំនុកចិត្ត (ស៊ីដាច់ម៉ូតូ)មិត្តភក្តិ ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់ឈ្មោះ រស់ រុន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ។ សត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខបាត់ដំបង 1AD-3190 ។
សូមជម្រាបជូនថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទីជន សង្ស័យខាងលើបានធ្វើសកម្មភាព ខ្ចីម៉ូតូ របស់ជនរងគ្រោះ ឈ្មោះ អ៊ូច សុខគា ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពេលខ្ចីបានហើយក៏ជិះយកទៅបាត់រហូត(ចង់ស៊ីដាច់)មិនយកមកប្រគល់ឱ្យម្ចាស់វិញឡើយ។ ដោយមិនឃើញជនសង័្សយយកម៉ូតូដែលខ្ចីនោះមកឱ្យខ្លួនវិញជនរងគ្រោះក៏ប្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយតាមរយៈការស្រាវជ្រាវរហូតដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១វេលាម៉ោង ១១និង០០ នាទីសមត្ថកិច្ចធ្វើការនាំខ្លួនជនសង្ស័យខាងលើមកកាន់ស្នងការដ្ឋានរួមទាំងវត្ថុតាងម៉ូតូរបស់ជនរងគ្រោះផង។
បច្ចុប្បន្នការិយាល័យជំនាញបានធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់ រីឯម៉ូតូប្រគល់ជូនជនរងគ្រោះវិញ ៕

