វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ចំនួន ២លាន៥សែនដូសបន្ថែមទៀត បានដឹកមកដល់កម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ចំនួន ២លាន ៥សែនដូស ដែលក្នុងនោះមានវ៉ាក់សាំងចំនួន២លានដូស ជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា និង៥០ ម៉ឺនដូស ជាការបរិច្ចាគរបស់ក្រុមហ៊ុន Sinovac ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជាត្រូវបានដឹកជញ្ជូនមកកម្ពុជាហើយនាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេស។

ជាមួយគ្នានេះ ក៏មានវត្តមានលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទទួលនៃការមកដល់វ៉ាក់សាំងនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដែរថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងសម្រាប់ចាក់ដូសជំរុញ ឬដូសទី៣ ចំនួន៥លានដូស នឹងត្រូវបានដឹកមកដល់ប្រទេសកម្ពុជា សម្រាប់ចាក់ជូនប្រជាជនឥតគិតថ្លៃ។
បច្ចុប្បន្ននេះកម្ពុជា ក៏ដូចជាប្រទេសជាច្រើនទៀត បានកំពុងផ្តោតយកចិត្តទុកដាក់ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមរយៈយន្តការជាទ្វេភាគីពហុគីក្នុងភាពជាជំនួយមនុស្សធម៌ក្តីបញ្ជាទិញក្តី ដើម្បីធានាបានចំនួនវ៉ាក់សាំង គ្រប់គ្រាន់ទាន់ពេលវេលាតាមផែន ការកំណត់។
ជាមួយនឹងយន្តការដែលមានរួចហើយ ទើបកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានចាប់ផ្តើម យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ដែលមានអាយុក្រោម១៨ឆ្នាំ និងបានចាប់ផ្តើមវ៉ាក់សាំងដូសទី៣ ឬដូសជំរុញជូនដល់មន្ត្រីបម្រើសេវាជួរមុខនៅតាមព្រំដែន។ ជារួមគិតត្រឹមយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេសសរុបបានចំនួន ១១ ០៤៥ ២៨៩ នាក់។
គួររម្លឹកផងដែរថា នេះជាការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់របស់កម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ជំងឺរាលដាលសកលកូវីដ-១៩។ មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំង ប្រមាណជិត ៣០លានលានដូសហើយ ដោយគិតទាំងវ៉ាក់សាំងដែលបញ្ជាទិញជំនួយយន្តការ ទ្វេភាគី និងកូវ៉ាក់៕






ប្រភព៖ ក្រសួងព័ត៌មាន