សមត្ថកិច្ចឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលនាំប្រជាពលរដ្ឋខ្មែរចំនួន១១នាក់ ប៉ុនប៉ងឆ្លងដែនទៅកាន់ប្រទេសថៃ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ២៣និង៤០នាទី នៅចំណុចច្រកទ្វាព្រំដែនអូររំដូល ស្ថិតក្នុងភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីនាំឆ្លងដែនដោយមិនស្របច្បាប់មួយបានកើតឡើង ដែលករណីនេះមានជនសង័្សយជាមេខ្យល់ចំនួន ០២នាក់ បានលបលួចនាំពលរដ្ឋចំនួន ១១នាក់ រួមទាំងកុមារផងប៉ុនប៉ងជ្រៀតចូលទៅក្នុងប្រទេសថៃ។

រហូតដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរង្វង់មូលផ្លូវបែកជាបួនស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញ ផ្នែកយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់នោះគឺ៖
១-ឈ្មោះ ឈួម រ៉ា(ហៅ ឆេះ) ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិ អូរថ្មី ឃុំពេជ្រចិន្តា ស្រុក ពេជ្រចិន្តា ខេត្តបាត់ដំបង ។
២-ឈ្មោះ យ៉ង អ៊ីម ហៅ មូល ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិ អូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។
ចំពោះពលករចំនួន ១១នាក់ ស្រី ០៥នាក់ ក្មេងតូច ០៣នាក់ ស្រី ០២នាក់ ត្រូវបានធ្វើការសាកសួរអំពើបញ្ហានេះនៅបរិវេណអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រីឯមេខ្យល់ទាំងពីរនាក់ត្រូវបានរៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕


