បុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់ ក្រសួងណែនាំឲ្យធ្វើការរៀបចំតាមគន្លងប្រក្រតីភាពថ្មី
ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៧ ខែតុលា ខាងមុខនេះ ពិធីបុណ្យភ្ជុំបិណ្ឌនឹងមកដល់ ហើយក្រសួងសុខាភិបាលកម្ពុជា ក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពី ការការពារការចម្លងវីរុសកូវីដ១៩ នៅក្នុងអំឡុតពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ដូចជាការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមគន្លងប្រក្រតីភាពថ្មីផងដែរ។

អាជ្ញាធររាជធានី-ខេត្ត គណៈបញ្ជាការឯកភាពឃុំ/សង្កាត់/ខណ្ឌ គណៈគម្មការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយក្នុងទីវត្តអារាម និងគណៈកម្មការវត្ត ត្រូវចាត់ចែងណែនាំឲ្យមានការអនុវត្តន៍វិធានការសុខាភិបាល បង្កើនសកម្មភាពត្រួតពិនិត្យ តាមដាន លើពុទ្ធបរិស័ទ ដែលចេញ-ចូល ទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ ឲ្យបានហ្មត់ចត់ ហើយបុគ្គលគ្រប់រូប ត្រូវចូលរួមអនុវត្តកិច្ចការពារខ្លួនកុំឲ្យមានការចម្លងវីរុសកូវីដ-១៩ ដោយអនុវត្តវិធានការដូចតទៅ៖
+ រៀបចំអោយមានកន្លែងលាងដៃនៅច្រកចេញ ចូល និងរក្សាការលាងសម្អាតដៃ អោយបានញឹកញាប់។
+ ធ្វើការវាស់កម្ដៅ និងបាញ់ទឹកអាល់កុលលាងដៃឬទឹកជែលលាងដៃ សម្រាប់រាល់ពុទ្ធបរិស័ទ ទាំងអស់កុំឲ្យមានការធ្វេសប្រហែលនៅមុខច្រកចេញចូលក្លោងទ្វារនីមួយៗ។
+ ចាត់ចែងអោយមានគម្លាតបុគ្គល ដោយមានគម្លាតពីគ្នា យ៉ាងតិចមួយម៉ែត្រកន្លះ គ្រប់ពេលដែលពុទ្ធបរិស័ទ ចូលក្នុងទីវត្តអារាម វិហារ សាលាឆាន់ និងកុដិនីមួយៗ
+ ចាត់ចែងអោយមានគម្លាតពីគ្នា យ៉ាងតិចមួយម៉ែត្រកន្លះ ក្នុងពេលមានការប្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃ ឬនៅពេលអង្គុយ ឬឈររងចាំការប្រគេន ឬវេចង្កាន់ និងទេយ្យទាន ឬពេលសម្ដាប់ព្រះធម៌។
+ ព្រះគ្រប់ព្រះអង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ ត្រូវពាក់ម៉ាសគ្រប់ៗគ្នា នៅពេលចូលក្នុងទីវត្ដអារ៉ាម ពេលអង្គុយឬឈររងចាំការប្រគេន ឬវេរចង្ហាន់ និងទេយ្យទាននានា ជាពិសេសនៅពេលសូត្រព្រះធម៌ ពេលបង្សុកូល និងឧទិស្ទកុសល ជូនដល់មាតា បិតា ញាតិការ និងបុព្វការរីជន ដែលបានធ្វើមរណកាលទៅ
+ ពិនិត្យតាមដានពុទ្ធបរិស័ទទាំងអស់ និងរាយការណ៍មកទូរស័ព្ទ ១១៥ នូវរាល់ករណីសង្ស័យឆ្លងជំងឺកូវីដ១៩ ឬករណីគ្រុនក្ដៅ ឬគ្រុនផ្ដាសសាយដែលកើតមានជាក្រុម។
+ អាជ្ញាធរខេត្ដ ស្រុក ក្រុង ខណ្ឌ រដ្ឋបាលឃុំ/សង្កាត់ ត្រូវចាត់តាំងកន្លងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំការអនុវត្ដន៍ ឲ្យបានខ្ជប់ខ្ជួននូវវិធានការការពារការចម្លងជំងឺកូវីដ១៩។
