ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាមានវ៉ាក់សាំងដូសជំរុញគ្រប់គ្រាន់សម្រាប់ក្រុមមនុស្សដែលបានចាក់វ៉ាក់សាំងកូវីសែល ២ដូសរួចរាល់

    BY Khmernote Media September 9, 2021
    កម្ពុជាមានវ៉ាក់សាំងដូសជំរុញគ្រប់គ្រាន់សម្រាប់ក្រុមមនុស្សដែលបានចាក់វ៉ាក់សាំងកូវីសែល ២ដូសរួចរាល់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែកញ្ញា​ ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានវ៉ាក់សាំងដូសជំរុញគ្រប់គ្រាន់ សម្រាប់ក្រុមមនុស្ស ដែលបានចាក់វ៉ាក់សាំងកូវីសែល ២ដូសរួចរាល់កាលពីពេលកន្លងទៅ ប៉ុន្តែមិនមែនសម្រាប់ប្រជាពលរដ្ឋទូទៅនោះទេ ដោយសារប្រជាពលរដ្ឋទូទៅមិនទាន់ដល់ពេលកំណត់ដែលត្រូវចាក់ដូសទី៣ឬដូសជំរុញនេះឡើយ។

    លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស ( គ.វ.ក១៩ ) បានមានប្រសាសន៍ថា កាលពីជំហានដំបូងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល បានសម្រេចផ្តល់ជូនដូសជំរុញឬដូសទី៣ដល់ក្រុមមន្ត្រីជួរមុខមួយចំនួន ដែលមានហានិភ័យខ្ពស់ ជាពិសេសក្រុមមន្ត្រីដែលបម្រើការងារ នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីបង្កើនកងការពារក្នុងសារពាង្គកាយបន្ថែមទៀត ខណៈដែលប្រទេសថៃមានការផ្ទុះឡើងនូវជំងឺ កូវីដ១៩ គួរឱ្យព្រួយបារម្ភ ។

    លោកជំទាវបានបន្តថា ក្នុងជំហានបន្ទាប់នេះ គឺប្រមុខរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញឬដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងអាស្ត្រាសេនីកា សម្រាប់ចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋរួមទាំងវ័យចាស់ ដែលធ្លាប់បាន ចាក់វ៉ាក់សាំងកូវីសែល( Covishield )ទាំង២ដូសរួចរាល់កាលពីកន្លងទៅ ព្រមទាំងអនុញ្ញាតឱ្យស្វាមីឬភរិយារបស់ពួកគាត់ ដែលបាន ចាក់វ៉ាក់សាំងកូវីដ១៩ទាំង២ដូសរួចរាល់ អាចមកទទួលការចាក់បាន។ លោកជំទាវបានបន្ថែមទៀតថា បច្ចុប្បន្ននេះ វ៉ាក់សាំងកូវីដ១៩ដូសជំរុញ គឺមានគ្រប់គ្រាន់សម្រាប់ផ្តល់ជូនក្រុមមនុស្សទាំងនេះ ប៉ុន្តែមិនអាចទាន់ផ្តល់ជូនក្រុមមនុស្សទូទៅនោះឡើយ ដោយសារអ្នកដែលទទួលបានការចាក់ដូសជំរុញបាន គឺត្រូវមានចន្លោះពី៦ខែ ទៅ៨ខែពីដូសទី១ ខណៈដែលមានប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំខុសពាក់ព័ន្ធនឹងបញ្ហានេះ ។

    « យើងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ក្រុមមនុស្សនេះ ប៉ុន្តែយើងមិនមានវ៉ាក់សាំងសម្រាប់បើកទូលាយ ទៅដល់បងប្អូន ប្រជាពលរដ្ឋទូទៅនោះទេ ដោយសារបងប្អូនប្រជាពលរដ្ឋទូទៅអត់ទាន់ដល់ថ្ងៃខែដែលត្រូវចាក់ទេ ពីព្រោះអ្នកខ្លះគាត់យល់ច្រឡំ ដោយសារតែគាត់ឃើញគេចាក់ដូសជំរុញហើយគាត់ទៅតាមគេ អ្នកខ្លះទៅទើបបាន១ខែ អ្នកខ្លះទៅបាន២ខែ អ្នកខ្លះទៅចាក់ហើយ ទើបចាក់ដូសទី២ហើយបាន៣ខែ អ៊ីចឹងគាត់រត់មកចាក់ដែរ ដូច្នេះត្រង់កន្លែងនេះខ្ញុំសូមធ្វើការពន្យល់ឱ្យបានច្បាស់លាស់ថា វាមិនទាន់មាន ភាពចាំបាច់អីដែលយើងត្រូវមកចាក់ នៅពេលដែលសរីរាង្គរបស់យើងកំពុងតែធ្វើការបង្កើតនូវអង្គបដិបក្ខឬហៅថាកងការពារ ពីព្រោះនៅ ក្នុងរយៈពេលក្រោយពីចាក់ដូសទី២ ទៅរហូតដល់រយៈពេល៤ខែដល់៦ខែ នោះបើតាមអ្នកវិទ្យាសាស្រ្តគឺគេនិយាយ៦ខែ ដូច្នេះនៅក្នុង ដំណាក់កាលនោះ សរីរាង្គរបស់យើងកំពុងតែធ្វើការនៅក្នុងការបង្កើតនូវកងការពារ »។

    សូមបញ្ជាក់ថា ភាពចាំបាច់ក្នុងការចាក់ដូសជំរុញ ឬដូសទី៣នេះ គឺដោយសារកងការពារអាចថយចុះ ហើយវ៉ាក់សាំងនេះជាប្រភេទ វ៉ាក់សាំងថ្មី ដែលអ្វីៗអាចនឹងមានការប្រែប្រួលទៅតាមពេលវេលានៃការវិវត្តន៍របស់វិទ្យាសាស្ត្រ ដូច្នេះអ្វីដែលកំពុងប្រើប្រាស់នៅក្នុងពេល បច្ចុប្បន្ននេះ គឺអ្នកបច្ចេកទេសត្រូវរៀនសូត្រនៅក្នុងអំឡុងពេលអនុវត្តន៍ ទើបអាចបត់បែនទៅតាមអ្វីដែលគេរកឃើញជាបន្តបន្ទាប់បាន ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: