ព្រឹកនេះធ្វើតេស្តលោកគ្រូ-អ្នកគ្រូវិទ្យាល័យ និងអនុវិទ្យាល័យនៅទូទាំងស្រុកកោះធំ ដើម្បីត្រៀមបើកសាលារៀនឡើងវិញនៅថ្ងៃស្អែកនេះ
យោងតាមការបញ្ជាក់ពី រដ្ឋបាលស្រុកកោះធំ បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោក ច្រឹក ស្រ៊ង នាយករដ្ឋបាលសាលាស្រុក តំណាងលោក អេង សុវិចិត្រ អភិបាលនៃគណ:អភិបាលស្រុក បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យចុះយកសំណាកធ្វើតេសន៍រហ័សជូនដល់លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ និងអនុវិទ្យាល័យទូទាំងស្រុក ដើម្បីធានាសុវត្ថិភាពនៃការបើកដំណើរការសាលារៀនឡើងវិញ។

យោងអនុសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណ: និងឯកជននៅភូមិសាស្រ្តដែលមានហានិភ័យទាប។ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលខេត្តកណ្តាល រដ្ឋបាលស្រុកកោះធំ បានពិនិត្យ និងរៀបចំបើកឲ្យដំណើរការឡើងវិញនូវសាលារៀនក្នុងស្រុកមានដូចជា វិទ្យាល័យ អនុវិទ្យាល័យ និងបឋមសិក្សាជាដើម ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។
រដ្ឋបាលខេត្តកណ្តាល ក៏បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសាធារណ: និងឯកជនក្នុងភូមិសាស្ត្រខេត្តកណ្តាល សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ ចាប់ពីថ្នាក់ទី៩ ថ្នាក់ទី១០ ថ្នាក់ទី១១ និងថ្នាក់ទី១២ ដែលបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលខេត្ត ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ!
អាស្រ័យហេតុនេះ សូមសាធារណជន និងមាតាបិតា ពិសេសសិស្សានុសិស្សទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងត្រៀមលក្ខណ:ចូលសិក្សាឡើងវិញ៕
