ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លោងទ្វារតាកាវជួសជុលសម្រេចលទ្ធផលបានប្រមាណ៣០ភាគរយហើយ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

    BY Khmernote Media September 14, 2021
    ខ្លោងទ្វារតាកាវជួសជុលសម្រេចលទ្ធផលបានប្រមាណ៣០ភាគរយហើយ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ក្នុងការងារជួសជុលខ្លោងទ្វារតាកាវ ដើម្បីពង្រឹងរចនា សម្ព័ន្ធខ្លោងទ្វារឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា មានការខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំង ដែលរហូតមកដល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណ៣០ភាគរយហើយ។

    លោកស្រី គឹម សេងភក្តី អ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដោយសារកត្តាអាយុកាល អាកាសធាតុ ដើមឈើ បានធ្វើឱ្យរចនាសម្ព័ន្ធខ្លោងទ្វារតាកាវបានរងការខូចខាតជាខ្លាំង ក្នុងន័យលើកតម្លៃ និងថែរក្សាប្រាសាទបុរាណឱ្យនៅគង់វង្សយូរអង្វែង ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារតាកាវ តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១មក ហើយមកដល់ពេលបច្ចុប្បន្ននេះ សម្រេចបានប្រមាណ៣០ ភាគរយហើយ ខណៈដំណើរការជួសជុលខ្លោងទ្វារតាកាវនេះ ត្រូវចំណាយពេលវេលាចំនួន២ឆ្នាំទើបរួចរាល់។

    លោកស្រីបន្តថា ដំណើរការជួសជុលពង្រឹងឡើងវិញខ្លោងទ្វារតាកាវ ត្រូវបានអនុវត្តចំនួន ៤ចំណុចធំៗ រួមមាន៖ ការងារជួសជុលរូបដំរីអាទិទេពជ្រុងនិរតី និងជ្រុងពាយ័ព្យ បង្កាន់ ដៃរូបទេវតា និងបង្កាន់ដៃអសុរៈ(យក្ស)។ លោកស្រីបន្តទៀតថា បញ្ហាប្រឈមខ្លះៗ ដែលក្រុមការងារជួបប្រទះ ក្នុងដំណើរការជួសជុលមានដូចជា រូបដំរី ឬសំណង់ផ្សេងៗ ត្រូវបានបែកបាក់ជាបំណែកតូចៗស្ទើរទាំងស្រុង ពិបាកក្នុងការរកផ្គុំថ្មឡើងវិញ ដោយត្រូវប្រើប្រាស់ថ្មថ្មីខ្លះៗ ដើម្បីជំនួសថ្មចាស់ ដែលបែកបាក់ ពុកផុយឬបាត់រកមិនឃើញ។

    សំឡេង៖ ការជួសជុលខ្លោងទ្វារតាកាវនេះ យើងចាប់ផ្តើមការងារធំៗ គឺជួសជុលដំរីសងខាង ជ្រុងនិរតី និងជ្រុងពាយ័ព្យ និងផ្នែកបង្កាន់ដៃទេវតា និងបង្កាន់ដៃអសុរៈ (យក្ស) បានប្រហែល ៣០ភាគរយហើយ ការជួសជុលខ្លោងទ្វារតាកាវនេះ យើងនៅសល់ផ្នែកកំពូល ខ្លោងទ្វារខាងលើទី១ យើងត្រូវការពង្រឹងរចនាសម្ព័ន្ធដំរីសងខាងជ្រុងនិរតី និងជ្រុងពាយ័ព្យឱ្យបានរឹងមាំសិន យើងពង្រឹងសងខាងហើយបានបកទៅកំពូលខ្លោងទ្វារ ផលពិបាកនៃការជួសជុល ដូចដំរីនៅជ្រុងពាយ័ព្យវាសឹងតែថ្មខ្ទេចខ្ទីទាំងអស់ មានបំណែកតូចៗច្រើន អ៊ីចឹងពេលយើងផ្គុំសាកល្បងឡើងវិញ ថ្មខ្លះយើងមិនអាចជួសជុលឡើងវិញបានទេ ដោយសារវាបែកជាបំណែកតូចៗយើងមិនអាចពង្រឹងទៅជាប់ទេ បើយើងពង្រឹងវាមិនអាចជាប់បានយូរទេ អាចជាប់ឥឡូវតែវាអាចរបេះមកថ្ងៃក្រោយ ដូច្នេះថ្មនេះខ្លះយើងអាចជំនួសថ្មភក់ថ្មី។

    សូមជម្រាបផងដែរថា ខ្លោងទ្វារតាកាវ ជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារទាំង៥ នៃក្រុងអង្គរធំ ស្ថិតនៅទិសខាងលិចនៃប្រាសាទ បាយ័ន។ ខ្លោងទ្វារនេះ ត្រូវបានសាងសង់ឡើង នាចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបថបាយ័ន។ ដោយសារកត្តាអាយុកាល អាកាសធាតុ សង្គ្រាម និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ព័ន្ធ របស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតជាខ្លាំង ៕

    ប្រភព​៖ ក្រសួងព័ត៌មាន

    Share This Post: