រដ្ឋបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណបងប្អូនប្រជាពលរដ្ឋ ១៦នាក់ ដែលមិនបានបំពេញកាតព្វកិច្ច សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក
ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តសៀមរាប បានសេចក្ដីជូនដំណឹង ស្ដីពីបងប្អូនប្រជាពលរដ្ឋចំនួន ១៦នាក់ ដែលមិនបានបំពេញកាតព្វកិច្ច សហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ដោយរដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ស្ថានការណ៍បច្ចុប្បន្ននេះ ការឆ្លងរាលដាលជំងឺកូវីដ-១៩ បាននឹងកំពុងឆ្លងចូលសហគមន៍ក្នុងខេត្តសៀមរាប មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងនោះដែរ រដ្ឋបាលខេត្ត បានដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។

ចំពោះការកំណត់តំបន់លឿនទុំក្នុងភូមិសាស្ត្រក្រុងសៀមរាប ចាប់ពីថ្ងៃ១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានចាត់មន្ត្រីសុខាភិបាលចុះយកសំណាកនៅតាមផ្សារនានាក្នុងក្រុងសៀមរាប និងតំបន់ប្រជុំជនមួយចំនួន។ ជាមួយគ្នានេះ នៅទីតាំងយកសំណាកផ្សារសាមគ្គី មានបងប្អូនចំនួន ១៦នាក់ បានបំពេញព័ត៌មានដើម្បីយកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាក បងប្អូនទាំង១៦នាក់នេះ មិនបានបង្ហាញមុខយកសំណាកទៅវិញ។
រដ្ឋបាលខេត្តសៀមរាប សូមស្នើដល់បងប្អូនដូចមានរាយនាមខាងក្រោម សូមរួសរាន់ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកយកសំណាកនៅតាមទីតាំងដែលមន្ទីរសុខាភិបាលខេត្តបានរៀបចំ។ ក្នុងករណី មិនរួសរាន់មកយកសំណាកតាមការជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់ក្រុមការងារកសាងសំណុំរឿងតាមវិធានការច្បាប់ ស្របតាមខ្លឹមសារ មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងមាត្រា២១ នៃអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ រាល់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៨២៣ ៤៥១ ៕



ប្រភព៖ អធិការដ្ឋាននគរបាល ក្រុងសៀមរាប