ប្រទេសវៀតណាមបានរកឃើញការឆ្លងថ្មីៗនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ១១,៥២៥ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
- BY
- autoadmin
- September 23, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ប្រទេសវៀតណាមបានបញ្ជាក់ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ១១,៥២៥ ករណី កាលពីយប់ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ ដែលជាការថយចុះ ១,០៨៦ ករណី ធៀបនឹងថ្ងៃអង្គារ។ ក្នុងនោះផងដែរ អ្នកជំងឺចំនួន ១១,៩១៩ នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺចំនួន ៤,៩៩១ នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះជាលើកដំបូង ដែលតួលេខអ្នកជំងឺធ្ងន់ធ្ងរធ្លាក់ចុះក្រោម ៥,០០០ នាក់ ក្នុងរយៈពេល ៣០ ថ្ងៃចុងក្រោយនេះ។

ចំណែកឯចំនួនករណីប្រចាំថ្ងៃជាមធ្យមក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះ គឺមាន ១០,៤៦៥ ករណី ដែលជាសញ្ញាថយចុះមួយផងដែរ។ ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ចំនួន ៧១៤,៤៩៨ ករណី ចាប់តាំងពីរលកឆ្លងទី៤ បានចាប់ផ្តើមនៅចុងខែមេសាឆ្នាំនេះ។ ជាមួយគ្នានេះ ការស្លាប់ចំនួន ២៣៦ នាក់ ក៏ត្រូវបានបញ្ជាក់ផងដែរ ដែលភាគច្រើននៅទីក្រុងហូជីមិញ ដែលនាំឱ្យការស្លាប់ដោយសារជំងឺ COVID-19 ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-19 មានដល់ ១៧,៧៨១ ករណី៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






