ឃាត់ខ្លួនចិន២នាក់ ក្រោយចាប់បង្ខាំងមនុស្សទុកក្នុងបន្ទប់ផ្ទះសំណាក់
ខេត្តព្រះសីហន៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីស្ថានទូតចិនប្រចាំកម្ពុជា ដែលបានរាយការណ៍ទៅស្នងការដ្ឋាន ថាមានមនុស្សត្រូវបានគេចាប់បង្ខាំងទុកក្នុងបន្ទប់ នៃផ្ទះសំណាក់ហ៊ូប៉ី ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។
ក្រោយទទួលបានដំណឹងនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំប៉ុស្តិ៍សង្កាត់៤ បានចុះប្រតិបត្តិការណ៍រំដោះបានជនរងគ្រោះចំនួន០២នាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់។
របាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានបញ្ជាក់ថា ជនរងគ្រោះ០២នាក់ ទី១៖ឈ្មោះ ZENG WEI HUI ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ និងទី២៖ឈ្មោះ ZHA REN QIANG ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។ ដោយឡែកជនសង្ស័យ ដែលឃាត់ខ្លួនបានឈ្មោះ HU BIAO ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ XIONG LING ភេទប្រុស អាយុ៣០ឆ្នាំ។
ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញដកហូតបាន ទូរស័ព្ទដៃ០១គ្រឿង ម៉ាក IPHONE X ពណ៌ស, ទីបជ័រ០២ដើម ពណ៌ខៀវ, លិខិតខ្ចីប្រាក់ជាភាសាចិន មានផ្តិតមេដៃ០១ច្បាប់, សៀវភៅកំណត់ហេតុ ០១ក្បាល ពណ៌ក្រហម, ប៉ុងផ្តិតមេដៃ ០១ ពណ៌ក្រហម និងឯកសារពាក់ព័ន្ធមួយចំនួន។
ករណីនេះកើតឡើងដោយសារជនរងគ្រោះបានទៅលេងល្បែងនៅកាស៊ីណូ ញូវម៉ាកាវ ហើយបានខ្ចីកាក់ពីក្រុមជនសង្ស័យ ពេលគ្មានលុយសង ក្រុមជនសង្ស័យក៏បានយកជនរងគ្រោះទៅឃុំទុកក្នុងបន្ទប់ ដែលពួកគេស្នាក់នៅតែម្តង ដើម្បីឲ្យជនរងគ្រោះទាក់ទងទៅអ្នកផ្ទះ រកលុយសងពួកគេ ទើបពួកគេដោះលែងឲ្យមានសេរីភាពវិញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីតាមច្បាប់៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ
