បច្ចេកវិទ្យា

ប្រទេសស្កុតឡេននឹងចាប់ផ្ដើមដាក់ពង្រាយមុខងារស្កេនមុខ ដើម្បីពន្លឿនការទូទាត់ថ្លៃអាហារថ្ងៃត្រង់ និងកាត់បន្ថយការប៉ះដោយផ្ទាល់នៅតាមសាលារៀន

BY
autoadmin
October 18, 2021

យោងតាមកាសែត The Financial Times បានរាយការណ៍ថា សាលារៀនចំនួន ៩ នៅតំបន់ North Ayrshire របស់ប្រទេសស្កុតឡេន នឹងចាប់ផ្តើមទូទាត់ប្រាក់ថ្លៃអាហារថ្ងៃត្រង់របស់សិស្សសាលា តាមរយៈការស្កេនមុខរបស់សិស្ស (Facial recognition) ដែលវាជាការបើកផ្លូវថ្មីមួយនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាទូទាត់ប្រាក់ សម្រាប់ការចំណាយថ្លៃចាយវាយរបស់សិស្សសាលានាពេលអនាគត។ គោលបំណងនៃការប្រើប្រាស់មុខងារនេះ គឺដើម្បីពន្លឿនការទូទាត់ ហើយក៏ដើម្បីកាត់បន្ថយការប៉ះដោយផ្ទាល់ នៅក្នុងសម័យកាលជំងឺ COVID-19 ។ ប៉ុន្តែជាមួយនឹងការដើរឱ្យទាន់សម័យកាលបែបនេះ វានៅតែមានការព្រួយបារម្ភផ្សេងៗ ពាក់ព័ន្ធនឹងឯកជនភាព និងសន្ដិសុខពីខាងសាលារៀនផងដែរ។

យ៉ាងណាក៏ដោយក្រុមហ៊ុន CRB Cunningham ដែលជាអ្នកដំឡើងមុខងារ Facial recognition ដើម្បីទូទាត់ប្រាក់នេះបាននិយាយថា កម្មវិធីរបស់ពួកគេមិនមែនជាកម្មវិធីស្កេនមុខបែប Live facial recognition ដែលយើងធ្លាប់ឃើញគេដាក់ប្រើប្រាស់នៅកន្លែងមានមនុស្សច្រើននោះទេ ហើយកម្មវិធីនេះក៏នឹងប្រឆាំងចំពោះការប្រើគំរូស្នាមមុខដែលបានអ៊ិនគ្រីប (encrypted faceprint) ដើម្បីការពារអ្នកប្រើប្រាស់ទៀតផង។ សាលារៀនជាច្រើនក៏មានការប្រើប្រាស់មុខងារស្កេនក្រយៅដៃរួចហើយដែរ ដូច្នេះវាមិនអាក្រក់អ្វីនៅក្នុងការប្រើបច្ចេកវិទ្យាជីវមាត្រ ដើម្បីបង្កើនស្រទាប់សន្ដិសុខបែបទំនើបឡើយ។ ជាមួយគ្នានេះ ក្រុមប្រឹក្សា North Ayrshire បាននិយាយថា ម្ដាយឪពុក និងសិស្ស ចំនួន ៩៧% ក៏បានយល់ព្រមជាមួយនឹងមុខងារនេះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Engadget

Share This Post: