បច្ចេកវិទ្យា

បន្ទាប់ពីមើលចំណុចពិសេសទាំង 4របស់កំពូលស្មាតហ្វូន Galaxy S9 និង S9 Plus ហើយ ធានាថាស្រលាញ់ផ្កាប់មុខតែម្ដង!

BY
Khmernote Media
February 28, 2018

កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ក្រុមហ៊ុន Samsung បានសម្រេចដាក់បង្ហាញកំពូលស្មាតហ្វូន Galaxy S9 និង S9 Plus របស់ខ្លួនក្នុងព្រឹត្តិការណ៍ Mobile World Congress 2018។ ជាការពិតណាស់ ម៉ូដែលថ្មីត្រកូល S ទាំងពីរនេះ គឺមានរូបរាងដូចគ្នាទាំងស្រុងទៅនឹង Galaxy S8 និង S8+ ប៉ុន្ដែ ចំពោះមុខងារ និងលក្ខណៈពិសេសវិញគឺមិនដូចគ្នាឡើយ។ ខាងក្រោមនេះ គឺជាចំណុចពិសេសដ៏អស្ចារ្យទាំង 4ដែលកំពូលស្មាតហ្វូន Galaxy S9 និង S9 Plus បានភ្ជាប់មកជាមួយ ហើយបន្ទាប់ពីស្គាល់ពីចំណុចទាំងអស់នេះ ធានាថាអ្នកនឹងជាប់ចិត្តស្រលាញ់ដកចិត្តវិញមិនបានឡើយ។

1/ បន្ទះស្កេនស្នាមក្រយ៉ៅដៃ

សម្រាប់ការផ្លាស់ប្ដូរដ៏ធំមួយពី Galaxy S8 និង S8+ គឺបន្ទះស្កេនស្នាមក្រយ៉ៅដៃនេះឯង។ ក្រុមហ៊ុន Samsung បានសម្រេចធ្វើតាមការចង់បានរបស់អតិថិជនដោយផ្លាស់ប្ដូរបន្ទះស្កេននេះពីផ្នែកខាងស្ដាំក្បែរកាមេរ៉ា មកខាងក្រោមកាមេរ៉ាវិញ ដែលជាហេតុធ្វើឲ្យការស្កេនមានសភាពងាយស្រួលជាងមុន និងមិនខ្លាចប្រឡាក់ lens កាមេរ៉ាទៀតឡើយ។

2/ អេក្រង់កាន់តែភ្លឺជាងមុន និងរក្សារាងខ្ពស់ដដែល

Galaxy S9 គឺមានទំហំអេក្រង់ 5.8អ៊ីញ និង 6.2អ៊ីញសម្រាប់  Galaxy S9+។ អាចនិយាយបានថា ម៉ូដែលកំពូលទាំងពីរនេះ គឺជាស្មាតហ្វូនដែលមានរាង និងកម្ពស់ខ្ពស់ជាងគេលើទីផ្សារ ហើយអ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះគឺ អេក្រង់របស់ស្មាតហ្វូនទាំងពីរនេះ អាចបញ្ចេញពន្លឺបានល្អ និងខ្លាំងមិនចាញ់ពន្លឺព្រះអាទិត្យឡើយ។ គួរបញ្ជាក់ផងដែរថា ចំពោះ iPhone 8 Plus វិញគឺមានទំហំអេក្រង់ត្រឹមតែ 5.5អ៊ីញប៉ុណ្ណោះ ស្របពេលជាមួយនឹង Galaxy Note 8 មានទំហំអេក្រង់រហូតដល់ទៅ 6.3អ៊ីញឯណោះ។

ក្រុមហ៊ុន Samsung នៅតែប្រើប្រាស់អេក្រង់ប្រភេទ Super AMOLED ដដែល ក្នុងកម្រឹតបង្ហាញរូបភាព 2960 x 1440 pixel (ដូចគ្នាទៅនឹង Note 8 ដែរ)។ ប៉ុន្ដែ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ស្មាតហ្វូនកំពូលទាំងពីរនេះមានកម្រឹតសមាមាត្រ 18.5:9 ដូចគ្នាសម្រាប់ឆ្នាំនេះ ហើយកម្រឹតនេះគឺខ្ពស់ជាងគេ និងភ្លឺជាងគេបំផុតហើយ។

3/ កាមេរ៉ាអាចផ្លាស់ប្ដូរកម្រឹត Aperture បាន

កំពូលស្មាតហ្វូន Galaxy S9 និង S9+ គឺជាស្មាតហ្វូនដំបូងលើពិភពលោក ដែលមានមុខងារផ្លាស់ប្ដូរកម្រឹត Aperture ក្នុងកាមេរ៉ាបាន។ ដោយឡែក ប្រសិនបើអ្នកប្រើកាមេរ៉ារបស់ម៉ូដែលណាមួយដើម្បីថតរូបក្នុងលក្ខខណ្ឌងងឹង នោះកម្រឹត Aperture របស់កាមេរ៉ានឹងរីកធំជាងមុនរហូតដល់ f/1.5។ ផ្ទុយទៅវិញ ប្រសិនបើអ្នកព្យាយាមថតរូបក្នុងលក្ខខណ្ឌពន្លឺគ្រប់គ្រាន់នោះកម្រឹត Aperture នឹងរួមតូចដល់ f/2.4 ដោយស្វ័យប្រវត្តិ។

ក្រៅពីលក្ខណៈពិសេសខាងលើនេះ ផ្ទៃបង្ហាញរូបភាពកម្មវិធីកាមេរ៉ាក៏ត្រូវបានរចនាថ្មីដែរ ដែលធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការអូសផ្លាស់ប្ដូរមុខងារ។ លើសពីនេះទៅទៀត មុខងារ Autofocus ក៏ធ្វើការបានកាន់តែល្អ ឯការថត Slow-mo គឺយឺតខ្លាំង និងរលូនល្អគ្មានពីរតែម្ដង។ ជាការពិតណាស់ Galaxy S9 និង S9+ គឺមានលក្ខណៈពិសេសដូចគ្នាទាំងអស់ ខុសតែម៉ូដែល Plus មានកាមេរ៉ាក្រោយពីរគ្រាប់ប៉ុណ្ណោះ។

4/ មានរន្ធដោតកាស

រន្ធដោតកាស នៅតែជាចំណុចសំខាន់សម្រាប់អ្នកប្រើប្រាស់ និងជាតម្រូវការចាំបាច់ផងដែរ។ សម្រាប់កំពូលស្មាតហ្វូន Galaxy S9 និង S9+ គឺនៅរក្សារន្ធដោតកាស 3.5មមនេះដដែល ហើយមិនធ្វើឲ្យអតិថិជនខកបំណងឡើយ។ ផ្ទុយទៅវិញ សម្រាប់កំពូលស្មាតហ្វូនផ្សេងៗទៀតនាពេលបច្ចុប្បន្ន បានសម្រេចលុបបំបាត់រន្ធនេះចោល ហើយស្មាតហ្វូនទាំងនោះគឺមានដូចជា iPhone X, 8, and 8 Plus, Pixel 2 XL និងសូម្បីតែ Huawei Mate 10 Pro។

Fu

ប្រភព៖ theverge

Share This Post: