ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា សុនខ កម្ពុជា មានសមត្ថភាព និងអាចចូលរួមសកម្មភាពប្រយុទ្ធ ប្រឆាំងកូវីដ១៩ បានជោគជ័យ

    BY Khmernote Media October 28, 2021
    អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា សុនខ កម្ពុជា មានសមត្ថភាព និងអាចចូលរួមសកម្មភាពប្រយុទ្ធ ប្រឆាំងកូវីដ១៩ បានជោគជ័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា(CMAC)បានគូសបញ្ជាក់ថា សុនខ កម្ពុជា មានសមត្ថភាព និងអាចចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ១៩បានជោគជ័យ។ ការគូសបញ្ជាក់នេះ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។

    ក្នុងការចុះពិនិត្យវឌ្ឍនភាពការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតអ្នកជំងឺវីរុសកូវីដ១៩ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាព កម្ចាត់មីនខេត្ត កំពង់ឆ្នាំង ឯកឧត្ដម ហេង រតនា បានមានប្រសាសន៍ថា “យើងខ្ញុំអាចវាយតម្លៃប្រកបដោយក្តីរំភើបរីករាយដែលអ្នកជំនាញសុនខខែ្មរ អាចស្រាវជ្រាវ អាចហ្វឹកហ្វឺនសុនខហិតអ្នកជំងឺកូវីដ១៩ បានដោយជោគជ័យក្នុងជំហានដ៏សំខាន់នេះ”។ ឯកឧត្ដមបានបន្ដថា ការហ្វឹកហ្វឺនបន្ត នឹងអនុវត្តន៍ក្នុងសប្តាហ៍ខាងមុខនេះ នៅពេលបានទទួលសំណាកបន្ថែម ទៀតពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

    ឯកឧត្ដមប្រតិភូបានអះអាងថា ជារួមសុនខខែ្មរអាចហិតអ្នកជំងឺកូវីដ១៩ បាន និងអាចហិតក្នុងចម្ងាយសុវត្ថិភាពផងដែរ។ សុនខអាចមានអត្ថប្រយោជន៍ហិតរហ័ស (១០-១៥វិនាទី) អាចហិតស្វែងរកមុខសញ្ញាអ្នកមានជំងឺកូវីដ១៩ ក្នុងចំណោមមនុស្សច្រើន (ហ្វូងមនុស្ស) ដែលជាឧបករណ៍អាចប្រើជាជំនួយក្នុងការស្វែងរកអ្នកជំងឺកូវីដ១៩ នៅតាមកន្លែងមួយចំនួនដូចជា តាមច្រកទ្វារអន្តរជាតិ ព្រលានយន្តហោះ ព្រឹតិ្តការណ៍ធំៗ ដូចជាការប្រកួតកីឡា កម្មវិធីមហាជនជាដើម។ ល។ នេះជាយុទ្ធសាស្ត្ររើសគ្រួសចេញពីអង្ករ។ ឯកឧត្ដមបានបន្ដទៀតថា ចំពោះមុខសញ្ញាសង្ស័យអាចចាត់វិធានការសុខាភិបាល។

    ជាមួយគ្នានេះដែរ ឯកឧត្ដមបានបន្ថែមថា “នេះពិតជាមានមោទនភាពជាមួយមន្ត្រីជំនាញសុនខ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ ចងក្រងឯកសារ និងផ្តល់ការហ្វឹកហ្វឹនសុនខយ៉ាងសកម្មបំផុត”។ឯកឧត្ដមក៏បានអរគុណដល់មន្ត្រីជំនាញសុខាភិបាលនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលបានសហការគាំទ្រយ៉ាងពេញទំហឹងចំពោះការស្រាវជ្រាវនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: