នៅយប់ថ្ងៃ២៧តុលា ឯកឧត្តម ឃួង ស្រេង បានឈរជើងនៅទីបញ្ជាការស្រាល មុខផ្សារព្រែកជ្រៃ ដើម្បីត្រៀមសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅវេលាម៉ោងជាង ១០យប់ ថ្ងៃ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៧ ខែតុលា ឆ្នាំ២០២១ បានដឹកនាំកម្លាំង និង អាជ្ញាធរដោយឈរជើងនៅទីបញ្ជាការស្រាល ដែលមានទីតាំងស្ថិតនៅមុខផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការឈរជើងនៅទីបញ្ជាការស្រាល របស់ឯកឧត្តម ឃួង ស្រេង ធ្វើឡើងក្នុងគោលបំណងតែមួយគត់ គឺដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលពួកគាត់មានទុក្ខភ័យ ខណៈដែលទឹកជំនន់ស្ទឹងព្រែកត្នោតបានជន់លិចលំនៅឋានប្រជាពលរដ្ឋប្រមាណ ១០សង្កាត់ នៅក្នុងខណ្ឌដង្កោនោះ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងនាំអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនប្រជាពលរដ្ឋដែលទទួលរងការលិចលង់នេះផងដែរ។
បើតាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់ អាជ្ញាធរខណ្ឌដង្កោ បានឱ្យដឹងថា នៅក្នុងមូលដ្ឋាន ខណ្ឌដង្កោ មានសង្កាត់ចំនួន ១០ហើយ ដែលទទួលការរកនូវការលិចលង់ដោយជំនន់ទឹកស្ទឹងព្រែកត្នោត។ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ៣ ០០០គ្រួសារ បានទទួលរងផលប៉ះពាល់ ហើយចំនួននេះអាជ្ញាធររាជធានីភ្នំពេញក៏គ្រោងនឹងនាំយកអំណោយរបស់សម្ដេចតេជោ មកចែកជូនពួកគាត់ផងដែរ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ទាំងអាជ្ញាធរ កម្លាំងសមត្ថកិច្ច និង កម្លាំងទាហាន បានត្រៀមរួចរាល់ហើយ ទាំងកម្លាំង និងឧបករណ៍សម្ភារ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបហានិភ័យដោយទឹកជំនន់ បើទោះបីឆ្នាំនេះ ស្ថានភាពលិចលង់នៅក្នុងមូលដ្ឋានខណ្ឌដង្កោ មានទំហំតូចជាងឆ្នាំកន្លងទៅក៏ដោយ។ កម្លាំងទាំងអស់គឺបានត្រៀម និងឈរជើងរួចស្រេចហើយ នៅទីបញ្ជាការស្រាល ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៧ មុខផ្សារព្រែកជ្រៃ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕







ប្រភព៖ ក្រសួងព័ត៌មាន