ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គីភ័យឆាបឆេះក្នុងស្ថានីយ៍ឥន្ទនៈ មនុស្ស០១នាក់បានរងរបួសធ្ងន់និងរថយន្ត០២គ្រឿងបានក្លាយជាចំណីអគ្គីភ័យ

    BY Khmernote Media October 30, 2021
    អគ្គីភ័យឆាបឆេះក្នុងស្ថានីយ៍ឥន្ទនៈ មនុស្ស០១នាក់បានរងរបួសធ្ងន់និងរថយន្ត០២គ្រឿងបានក្លាយជាចំណីអគ្គីភ័យ

    បន្ទាយមានជ័យ ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា រថយន្តចំនួន០២គ្រឿងនិងប្រេងសាំងចំនួន៥០០លីត្រ ត្រូវបានភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើល ។ គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចស្ថានីយ៍ប្រេងមួយកន្លែង ទល់មុខផ្សារដើមគរ(ផ្សារអូរអំបិល) ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

    នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ ភ្លាមៗនោះផងដែរគេក៏បានសង្កេតឃើញមានវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងលោកឧត្តសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបនសិករងខេត្តបន្ទាយមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដឹកនាំកងកម្លាំងចម្រុះមាននគរបាល អាវុធហត្ថនិងយោធា ប្រតិបត្តិការជួយអន្តរាគមន៍ពន្លត់ ។

    នគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ស្ថានីយ៍ប្រេងឥន្ទនៈមានម្ចាស់ឈ្មោះ ជា លី ភេទប្រុស អាយុ៦៨ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ប៊ុន លី នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយមានជ័យ ។

    ប្រភពដដែលបានបញ្ជាក់ថា ៖ មូលហេតុដែលបង្កឲ្យកើតមានគ្រោះអគ្គីភ័យនេះ តាមការសន្និដ្ឋានជាជំហានដំបូង សង្ស័យបណ្តាលមកពីទុស្សេខ្សែភ្លើង ព្រោះមុនពេលកើតហេតុម្ចាស់ស្ថានីយ៍បានធ្វើការផ្ទេរប្រេងពីស៊ីទែនផ្ទុកក្រោមដី ទៅលើស៊ីទែនរថយន្ត ដោយប្រើប្រាស់ម៉ូទ័របូមក្នុងការផ្ទេរប្រេងនេះ ទើបបណ្តាលឲ្យមានភ្លើងឆាបពីព្រីភ្លើងម៉ូទ័រជាមួយនិងប្រេងឥន្ទនៈបង្កជាអគ្គីភ័យតែម្តង។​ ក្រោយពីមានហេតុការអគ្គីភ័យកើតឡើង មានរថយន្តពន្លត់អគ្គីភ័យ ចំនួន០៣គ្រឿង (រថយន្តស្នងការដ្ឋាន០១គ្រឿង,អធិការដ្ឋាន.មង្គលបូរី០១គ្រឿង និងរថយន្តអធិការដ្ឋានក្រុងសិរីសោភ័ណ០១គ្រឿង) បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ដោយ ប្រើប្រាស់ទឹកអស់០៣ រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន 100% ។ការខូចខាត៖ របួសធ្ងន់០១នាក់(ម្ចាស់ស្ថានីយ៍) ,រថយន្តចំនួន ០២គ្រឿង,ប្រេងចំនួន ៥០០លីត,រោងផ្នែកខាងក្រោយស្ថានីយ៍០១ខ្នង ។​ ហើយនេះក៏ជាលើទី០២ ដែលស្ថានីយ៍ប្រេងឥន្ទនៈនេះបានឆាបឆេះ កាលពីឆ្នាំមុនបានឆាបឆេះម្តងហើយដែរ៕

    ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ

    Share This Post: