អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ជ្រុងពាយព្យ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំងកសិន្ធុជ្រុងពាយព្យនៃប្រាសាទអង្គរវត្ត។ ក្នុងឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានបន្តការងារជួសជុលកាំជណ្តើរច្រាំងកសិន្ធុជ្រុងពាយព្យនៃប្រាសាទអង្គរវត្ត ប្រវែង២០ម៉ែត្រ ដែលអាចនឹងបញ្ចប់នៅចុងឆ្នាំ។

លោកស្រី នង បូរ៉ាវី បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាប្រធានការដ្ឋានជួសជុលច្រាំងកសិន្ធុអង្គរវត្តជ្រុងពាយព្យនេះ បានឱ្យដឹងថា ច្រាំងកសិន្ធុផ្នែកខាងលិចប្រាសាទអង្គរវត្តជាទីតាំងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមមកអង្គុយផ្តិតយករូបភាពកំពូលប្រាំដ៏ស្រស់ស្អាតនៃប្រាសាទអង្គរ។ ម្យ៉ាងទៀត បើសិនយើងជួសជុលរួចរាល់ធ្វើឱ្យច្រាំងកសិន្ធុកាន់តែមានភាពស្រស់ស្អាតទ្វេឡើង។
លោកស្រីបន្តថា ការងារជំហានដំបូងក្រុមការងារបានធ្វើរួចរាល់ដូចជា៖ បិទទំនប់ សម្រង់ប្លង់ ពិនិត្យស្ថានភាពថ្មដែលជ្រុះធ្លាក់ចុះមកច្រាំង និងការរើថ្មដោយប្រើកៅឡាក់អូសថ្មពីច្រាំងខាងក្រោមឡើងទៅច្រាំងខាងលើ ដើម្បីយកទៅរក្សាទុកនៅទីធ្លារក្សាថ្ម លាងសម្អាត និងចុះបញ្ជីថ្ម។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមកដល់ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរាជួសជុលច្រាំងកសិន្ធុរអង្គរវត្តជ្រុងពាយព្យ បានប្រវែង១០០ម៉ែត្ររួចមកហើយ៕











