បច្ចេកវិទ្យា

Facebook នឹង​បញ្ចប់​ការ​ប្រើប្រាស់​កម្មវិធី​សម្គាល់​មុខ Facial recognition ដោយសារហេតុផលឯកជនមួយចំនួន

BY
autoadmin
November 3, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា Facebook នឹងលែងប្រើប្រាស់កម្មវិធីសម្គាល់មុខ សម្រាប់សម្គាល់មុខនៅក្នុងរូបថត និងវីដេអូទៀតហើយ ដោយសារតែមានការព្រួយបារម្ភជាច្រើន អំពីក្រមសីលធម៌នៃបច្ចេកវិទ្យាសម្គាល់មុខ ជាមួយនឹងការលើកឡើងជុំវិញឯកជនភាព លម្អៀងពូជសាសន៍ និងភាពត្រឹមត្រូវ។ ក្រុមហ៊ុនបាននិយាយថា មុខងារសម្គាល់មុខ (facial recognition) ពុំទាន់មានច្បាប់ច្បាស់លាស់ណាមួយ និយាយពីការប្រើប្រាស់វាឱ្យបានត្រឹមត្រូវនៅឡើយ បើទោះបីជាកន្លងមក ខ្លួនទទួលបានការរិះគន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់ក៏ដោយ។

ជម្រាបដែរថា Facebook បានប្រើប្រាស់មុខងារសម្គាល់មុខ តាំងតែពីឆ្នាំ២០១០ ដើម្បីលើកទឹកចិត្តមនុស្សឱ្យ Tag មិត្តភ័ក្តិ ឬសមាជិកគ្រួសារ នៅក្នុងរូបថតនិងវីដេអូ និងដើម្បីជូនដំណឹងដល់អ្នកប្រើប្រាស់ ប្រសិនបើអ្នកប្រើប្រាស់ផ្សេងទៀតបង្ហោះរូបភាពដែលមានរូបពួកគេ។ ក្រោយមកវាបានបន្ថែមកម្រិតឯកជនភាពមួយចំនួន ហើយនៅឆ្នាំ២០១៧ វាបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចដកខ្លួនពីមុខងារសម្គាល់មុខនេះ។ រហូតមកដល់ឆ្នាំ២០១៩ បណ្ដាញសង្គម Facebook ក៏បានបិទមុខងារនេះ (by default) ទោះបីជាអ្នកប្រើប្រាស់អាចជ្រើសរើសបើកវាក៏ដោយ។

Facebook កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួននឹងបិទប្រព័ន្ធនេះសម្រាប់ហេតុផលឯកជន ហើយនឹងលុប «គំរូសម្គាល់មុខ» ច្រើនជាង ១ ពាន់លាន ដែលខ្លួនបានប្រមូលក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខណៈជាង ១ ភាគ ៣ នៃអ្នកប្រើប្រាស់សកម្មរបស់ Facebook បច្ចុប្បន្ន គឺកំពុងប្រើប្រាស់មុខងារនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: