ជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី «អូមីក្រុង» ពេលនេះមានវត្តមានដល់តំបន់អាមេរិកខាងជើងហើយ
- BY
- autoadmin
- November 29, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា ករណីជំងឺ COVID-19 បំប្លែងខ្លួនថ្មី Omicron (អូមីក្រុង) ពេលនេះបានឆ្លងរាលដាលដល់តំបន់អាមេរិកខាងជើងហើយ ដោយវាត្រូវបានបញ្ជាក់នៅក្នុងប្រទេសកាណាដាចំនួន ២ករណី ខណៈសហរដ្ឋអាមេរិកក៏កំពុងគិតរកដំណោះស្រាយ ដើម្បីទប់ស្កាត់វ៉ារ្យ៉ងថ្មីនេះ ដែលគេល្បីថាអាចឆ្លងឆាប់រហ័សជាងប្រភេទដទៃទៀត។ រំលឹកផងដែរថា វ៉ារ្យ៉ង់ Omicron (B.1.1.529) ត្រូវបានរាយការណ៍ជាលើកដំបូងទៅកាន់ WHO ពីអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈប្រទេសបូតស្វាណា បែលហ្សិក ហុងកុង និងអ៊ីស្រាអែល ស្ថិតក្នុងចំណោមប្រទេសដំបូង ដែលកំពុងមានករណីរបស់ Omicron ។

រដ្ឋាភិបាលខេត្ត Ontario របស់ប្រទេសកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា៖«ថ្ងៃនេះខេត្ត Ontario បានបញ្ជាក់ពីករណីជំងឺ COVID-19 ចំនួន ២ ដែលពាក់ព័ន្ធនឹងវ៉ារ្យ៉ង់ Omicron នៅទីក្រុង Ottawa ដែលករណីទាំង ២ ត្រូវបានរាយការណ៍ពីបុគ្គល ដែលបានធ្វើដំណើរថ្មីៗពីប្រទេសនីហ្សេរីយ៉ា»។ ឆ្លើយតបទៅនឹងបញ្ហារបស់ Omicron ប្រទេសកាណាដាក៏បានចេញភ្លាមៗនូវការហាមឃាត់ការហោះហើរ និងបិទព្រំដែនរបស់ខ្លួន ចំពោះអ្នកដំណើរបរទេសដែលបានទៅតំបន់ ឬប្រទេសចំនួន ៧ នៅតំបន់អាហ្វ្រិកខាងត្បូង ក្នុងរយៈពេល ២ សប្តាហ៍កន្លងមកនេះ។
ករណីនៅ Ontario គឺជាករណីពាក់ព័ន្ធនឹង Omicron ដំបូងគេនៅអាមេរិកខាងជើង ទោះបីជាទីប្រឹក្សាសេតវិមានលោកវេជ្ជបណ្ឌិត Anthony Fauci បាននិយាយថា គាត់នឹងមិនភ្ញាក់ផ្អើលទេ ប្រសិនបើវ៉ារ្យ៉ង់ថ្មីនេះមានរួចហើយនៅក្នុងសហរដ្ឋអាមេរិក។ ជាក់ស្ដែងអាមេរិកបានបញ្ចប់ការហាមឃាត់ជើងហោះហើរ ដែលចេញពីទ្វីបអាហ្រ្វិករួចទៅហើយ ប៉ុន្តែយ៉ាងណាឥឡូវនេះ ខ្លួនបានហាមឃាត់ចំពោះជនបរទេស ដែលបានទៅទីនោះក្នុងរយៈពេល ១៤ ថ្ងៃកន្លងមកនេះ។ លោកប្រធានាធិបតី Joe Biden ក៏បានជួបជាមួយលោក Fauci ដោយផ្ទាល់កាលពីថ្ងៃអាទិត្យ ដើម្បីរៀបចំបច្ចុប្បន្នភាព ស្តីពីការឆ្លើយតបប្រឆាំងនឹងជំងឺរាតត្បាតរបស់រដ្ឋបាលរបស់លោក ដែលរំពឹងថានឹងត្រូវប្រកាសនៅថ្ងៃចន្ទនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ RT
- Share This Post:






