លឹម ជាឡាយ លេចធ្លោផ្ទួនៗនៅប៉ុស្តិ៍ ហង្សមាស
- November 29, 2021
តារាសម្តែងរូបសង្ហា លឹម ជាឡាយ កំពុងស្រូបប្រជាប្រិយភាពខ្លាំងនៅលើប៉ុស្តិ៍ ហង្សមាស ផ្ទួនគ្នាតែម្តង ក្នុងនាមជាតួឯកប្រុសតាមរយៈខ្សែភាពយន្តភាគចុងក្រោយពីររឿងបន្តកន្ទុយគ្នាតែម្តង។

តាមការប្រកាសជាផ្លូវការរបស់ស្ថានីយទូរទស្សន៍ ហង្សមាស ខ្សែភាពយន្តភាគរឿង ភរិយាជំនាន់ថ្មី ដែលមាន លឹម ជាឡាយ ជាតួឯកប្រុស ចាប់ដៃជាមួយតួឯកស្រី ហេង ចន្ថា អតីត Miss Grand នឹងចាប់ផ្តើមចាក់ផ្សាយ ជូនទស្សនាភាគដំបូងចាប់ពីថ្ងៃចន្ទ នេះហើយ រៀងរាល់ ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8 យប់ នៅលើកញ្ចក់ ទូរទស្សន៍ ហង្សមាស HDTV ។

លោក លឹម ជាឡាយ បានបញ្ជាក់ប្រាប់ថា រឿង ភរិយាជំនាន់ថ្មី គឺជារឿងទីពីរហើយសម្រាប់លោកនៅប៉ុស្តិ៍ ហង្សមាស បន្ទាប់ពី រឿង ស្រីចិញ្ចឹម ទើបបញ្ចប់ទៅថ្មីៗនេះ។ ‘‘ខ្ញុំជឿជាក់ថារឿង ភរិយាជំនាន់ថ្មី នេះប្រាកដជា អាចស្រូបការគាំទ្រច្រើនពីទស្សនិកជន ព្រោះរឿងនេះមានចំណងបញ្ហាស៊ីជម្រៅខ្លាំង ហើយក៏មានឈុតឆាក ខ្លាំងៗ ស្តែងៗ បញ្ជាក់ពីតថភាពពិតដែលរឿងចង់បង្ហាញ’’ តារារូបនេះបានបន្តទៀតថា ‘‘ខ្ញុំប្រហែលជាត្រូវ ទក់សាច់របស់ទស្សនិកជនហើយ ព្រោះក្នុងរឿងនេះខ្ញុំត្រូវដើរតួជាប្តីក្បត់ប្រពន្ធយ៉ាងសាហាវ ធ្វើឲ្យនាងគ្រាំគ្រា វេទនាចិត្តមិនតិចឡើយ’’។

គួរបញ្ជាក់ផងដែរថា រឿង ភរិយាជំនាន់ថ្មី នេះមានប្រភពដើមមកពី រឿង របស់តៃវ៉ាន់ដែលមានបណ្តាប្រទេស ជាច្រើនបានទិញសិទ្ធយកទៅផលិតបន្ត ហើយពេលនេះប៉ុស្តិ៍ទូរទស្សន៍ ហង្សមាស ក៏បានទិញសិទ្ធពីម្ចាស់ កម្មសិទ្ធដើមយកមកផលិតជា Version កម្ពុជា៕
ទស្សនាឈុត Trailer ខាងក្រោមនេះ៖
- Share This Post:






