អ្នកធ្វើដំណើរ ២នាក់ មកពីអាហ្វ្រិកខាងត្បូង បានតេស្ដវិជ្ជមានជាមួយវ៉ារ្យ៉ង់ Omicron នៅពេលទៅដល់ទីក្រុងស៊ីដនី
- BY
- autoadmin
- November 30, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា អ្នកធ្វើដំណើរ ២នាក់ មកពីអាហ្វ្រិកខាងត្បូង ដែលបានឆ្លងកាត់ប្រទេសសិង្ហបុរីបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ COVID-19 វ៉ារ្យ៉ង់ Omicron នៅទីក្រុងស៊ីដនី។ អ្នកដំណើរបានមកដល់ទីក្រុងស៊ីដនី តាមជើងហោះហើរ Singapore Airlines SQ211 ដែលបានចាកចេញពីសិង្ហបុរីនៅម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ហើយបានចុះចតនៅទីក្រុងស៊ីដនី នៅម៉ោង ៩ និង ២០ នាទី យប់ថ្ងៃដដែល។

នៅក្នុងការអាប់ដេតប្រចាំថ្ងៃទាក់ទងនឹងជំងឺ COVID-19 ក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយកាលពីយប់ថ្ងៃច័ន្ទថា អ្នកដំណើរបានចាកចេញពីទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៧ ខែវិច្ឆិកា តាមរយៈជើងហោះហើរ SQ481 ហើយបានមកដល់អាកាសយានដ្ឋាន Changi នៅថ្ងៃតែមួយ សម្រាប់ជើងហោះហើរឆ្លងកាត់របស់ពួកគេ។
វិធានការកំណត់ថ្មីរបស់សិង្ហបុរីគឺថា ចាប់ពីម៉ោង ១១ និង ៥៩ ទាទីយប់ថ្ងៃទី២៧ ខែវិច្ឆិកា អ្នកកាន់លិខិតឆ្លងដែនរយៈពេលវែង និងអ្នកទស្សនារយៈពេលខ្លីទាំងអស់ដែលមានប្រវត្តិធ្វើដំណើរក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ ទៅកាន់ប្រទេស បូតស្វាណា, អេសវ៉ាទីនី, ឡេសូតូ, ម៉ូសំប៊ិក, ណាមីប៊ី, អាហ្វ្រិកខាងត្បូង និង ហ្ស៊ីមបាវ៉េ មិនត្រូវបានអនុញ្ញាតឱ្យចូល ឬឆ្លងកាត់នៅក្នុងសិង្ហបុរីឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






