គិតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានរកឃើញករណីមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron សរុបចំនួន ១០ ករណី ចេញពីរដ្ឋចំនួន ៥ របស់ខ្លួន
- BY
- autoadmin
- December 3, 2021
មន្ដ្រីសុខាភិបាលអាមេរិកបាននិយាយថា មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron បានឆ្លងរាលដាលដល់រដ្ឋចំនួន ៥ របស់ខ្លួន មានដូចជារដ្ឋ៖ California, Colorado, Minnesota, Hawaii និង New York នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ក្នុងចំណោមអ្នកជំងឺ COVID-19 ទាំងអស់នោះ គឺសុទ្ធតែជាអ្នកដែលបានទទួលវ៉ាក់សាំងបង្ការរួចរាល់ លើកលែងតែករណី ១ នៅរដ្ឋ Hawaii ប៉ុន្តែពួកគេមានរោគសញ្ញាស្រាលៗប៉ុណ្ណោះ។

រដ្ឋ New York បានរកឃើញករណីរបស់មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ថ្មីចំនួន ៥ ករណី ហើយរដ្ឋ California, Colorado និង Minnesota បានរកឃើញករណីនៅក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងបង្ការ ខណៈរដ្ឋ Hawaii បានរកឃើញករណី ១ នៅក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ចំនួនឆ្លងថ្មីៗចុងក្រោយនេះ បានធ្វើឱ្យសហរដ្ឋអាមេរិកមានករណីវ៉ារ្យ៉ង់ Omicron សរុបចំនួន ១០ ករណី។
គួរឱ្យដឹងដែរថា ប្រហែល ៦០% នៃចំនួនប្រជាជនសរុបរបស់សហរដ្ឋអាមេរិក ឬ ១៩៦ លាននាក់ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ ដែលជាអត្រាទាបបំផុតមួយក្នុងចំណោមប្រទេសអ្នកមាន។ មនុស្សជាង ៧៨៦,០០០ នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក ដោយរួមទាំង ៣៧,០០០ នាក់ នៅក្នុងខែវិច្ឆិកាតែម្នាក់មួយ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






