រដ្ឋបាលជលផល ជូនដំណឹងពីការចាប់ផ្តើមត្រូវរដូវធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ជាដើម ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជនផល បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២១-២០២២នេះ បន្ទាប់ពីបានធ្វើការសង្កេតតាមដានកំពស់ទឹកដែលហូរចេញពីបឹងទន្លេសាប ពិនិត្យឃើញថា៖

គន្លងដោយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើននៅក្នុងខែមិគសិរនេះ នៅថ្ងៃ៨កើត ដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។
យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងដូចជា ការធ្វើប្រហុក ផ្អក ឬត្រីឆ្អើរជាដើម សម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមមេត្តាអញ្ជើញមកទិញត្រីឲ្យបានរួសរាន់ តាមពេលវេលា និងទីកន្លែងដូចខាងលើ។
ទន្ទឹមនឹងនេះ រដ្ឋបាលជលផល សូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបានដោយរលូនតាមការគួរ។ ជាមួយគ្នានេះដែរ រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាអនុតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីវិធានការការពារមេរោញកូវីដ-១៩ ៕

ប្រភព៖ ក្រសួងព័ត៌មាន