មេធំរបស់ Huawei ថាខ្លួនគ្មានបំណងនឹងផលិតស្មាតហ្វូនកាមេរ៉ា 4នោះទេ ត្រឹមតែ 3គ្រាប់នៅលើ Mate 20 គឺល្មមប្រើប្រាស់ហើយ
- BY
- autoadmin
- October 24, 2018
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៨ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Huawei បានបង្ហាញនូវកំពូលស្មាតហ្វូនចុងក្រោយរបស់ខ្លួនគឺស៊េរី Mate 20 នៅក្នុងទីក្រុងឡុងដ៍ ដែលបានទាក់ទាញប្រជាប្រិយភាពពីអ្នកសារពត៌មាន និងអ្នកវិភាគសំខាន់ៗ ជាច្រើនចូលរួមផ្តិតយករូបភាព និងចោទជាសំណួរជាច្រើនទៅលើបច្ចេកវិទ្យាថ្មីរបស់ Huawei លើទូរស័ព្ទប្រភេទ Mate 20 នេះ។
ក្នុងបទសម្ភាសន៍ជាមួយលោក Richard Yu នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei បាននិយាយបង្ហាញអំពីបច្ចេកវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួនរបស់ Mate 20 ដូចជាសំនួរទាក់ទងទៅនឹង ស្មាតហ្វូនប្រភេទ 5G, កាតមេម៉ូរីថ្មីប្រភេទ Nano Memory និងសំនួរទូទៅមួយចំនួនផ្សេងទៀតអំពីវិស័យទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Huawei ។
នៅក្នុងសំណួរ ដែលទាក់ទងទៅនឹងកាមេរ៉ារបស់ Mate 20 លោក Richard Yu បានប្រាប់ថា៖ កាមេរ៉ាកម្រិតខ្ពស់៣គ្រាប់របស់ Mate 20 គឺមានសមត្ថភាពខ្ពស់ និងមានតម្លៃថ្លៃជាងកាមេរ៉ាកម្រិត៤គ្រាប់ ដែលមាននៅលើទូរស័ព្ទដទៃទៅទៀត ហើយវាមិនត្រឹមតែមានតម្លៃថ្លៃប៉ុណ្ណោះទេ វាថែមទាំងពិបាកក្នុងការផលិតទៀតផង។ លោកបានបន្ថែមថា លោកមិនមានគម្រោងដាក់ប្រភេទកាមេរ៉ា ៤ ឬ ៥គ្រាប់ដូចក្រុមហ៊ុនដទៃនោះទេ ព្រោះលោកជឿជាក់ទៅលើគុណភាពរបស់កាមេរ៉ាប្រភេទ៣គ្រាប់របស់ខ្លួនគឺសមល្មមក្នុងការប្រើប្រាស់ហើយ។
ចំពោះអង្គចងចាំ Nano Memory card ប្រភេទថ្មីរបស់ Mate 20 វិញ លោក Richard Yu បានប្រាប់ថា៖ លោកមានការរពឹងខ្ពស់ថា វានឹងក្លាយទៅជាបច្ចេកវិទ្យាថ្មី និងសំខាន់មួយនៅលើទីផ្សារ ដោយលោកបានលើកយក Double-Sided Dual SIM និង Hybrid SIM slot ជាឧទាហរណ៍ ដែលបច្ចេកវិទ្យានោះធ្លាប់បានធ្វើរួចមកហើយដោយ ក្រុមហ៊ុន Huawei ។ ប្រភេទអង្គចងចាំ Nano Memory card នេះគឺជាប្រភេទអង្គចងចាំ ដែលអាចដកដាក់បាន ដោយផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ដែលចង់ភ្ជាប់ទិន្នន័យ ឬឯកសារពីទូរសព្ទទៅកាន់កុំព្យូទ័រ។ យ៉ាងណាមិញក្រុមហ៊ុន Huawei ក៏សង្ឃឹមថាបច្ចេកវិទ្យា Nano Memory card របស់ពួកគេនឹងត្រូវបានគេយកមកប្រើប្រាស់ឱ្យបានទូលំទូលាយ ហើយ Huawei និងរីករាយក្នុងការធ្វើជាដៃគូរជានិច្ចជាមួយក្រុមហ៊ុនដទៃ។
ចំពោះប្រព័ន្ធ 5G វិញលោក Richard Yu បានប្រាប់ថា ប្រព័ន្ធ4G វាពិតជាមានល្បឿនលឿន ក៏ប៉ុន្តែកំណើនមនុស្សកាន់តែច្រើន តម្រូវការកាន់តែច្រើនដូចគ្នា ដូច្នេះហើយទើបប្រព័ន្ធ 5G វានឹងក្លាយទៅជាមុខងារសំខាន់ថ្មី ដែលមានល្បឿនលឿនជាង ពិសេសគឺវាសំខាន់សម្រាប់ AR, VR, AI, real-time cloud services និង ដំណើរការផ្សេងៗទៀត។ សម្រាប់ប្រព័ន្ធ 5G នេះវិញលោក Richard Yu មិនបានបញ្ជាក់ពេលវេលាច្បាស់លាស់នោះទេ តែលោកសន្យាថាវានឹងចេញនៅឆ្នាំក្រោយនេះ។
ចំពោះ Mate 20 X របស់ Huawei នេះគឺបញ្ចេញលក់តែនៅចិន អាស៊ី និងទីផ្សារមួយចំនួនផ្សេងទៀតតែប៉ុណ្ណោះ។ ចំណែកនៅសហភាពអឺរ៉ុបគឺ Mate 20 X មិនមានវត្តមាននោះទេឆ្នាំនេះ តែ Huawei សង្ឃឹមថាវាអាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយដោយសារតែសហភាពអឺរ៉ុបមិនសូវនិយមទូរស័ព្ទប្រភេទអេក្រង់ធំនោះទេ។
លោក Richard Yu បានបន្តថា សព្វថ្ងៃនេះអតិថិជនចង់បានទូរស័ព្ទ និងបច្ចេកវិទ្យាល្អប្រសើរជាងមុន ហើយប្រសិនបើអ្នកប្រៀបធៀប Mate 20 ទៅនឹង iPhone គឺបច្ចេកវិទ្យារបស់យើងល្អប្រសើរជាង យើងមានប្រភេទថ្មកាន់បានយូរជាង អេក្រង់ធំជាង និងកាមេរ៉ាថតរូបបានល្អប្រសើរជាងមុន ចំពោះបច្ចេកវិទ្យានៅក្នុងឧបករណ៍របស់យើងគឺតែងតែឈានមុខ និងថ្លៃដើមក៏ខ្ពស់ខ្លាំង ដើម្បីសម្រេចបានបែបនេះ ដូច្នេះវាជាមូលហេតុដែលយើងអាចបង្កើនតម្លៃរបស់យើង ជាឧទាហរណ៍អេក្រង់កោងសងខាងនៅលើ Mate 20 Pro មានតម្លៃថ្លៃជាងអេក្រង់រាបស្មើរធម្មតាដល់ទៅទ្វេដង ហើយសូម្បីតែអេក្រង់រាបស្មើររបស់ Huawei ក៏មានតម្លៃលើសពី 100 ដុល្លារបាត់ទៅហើយ។
ជាចុងក្រោយ Huawei សង្ឃឹមថាទីផ្សាររបស់ទូរស័ព្ទប្រភេទអេក្រង់ធំៗបែបនេះនឹងមានភាពទូលំទូលាយដូចក្នុងទីផ្សារអាស៊ី ហើយ Huawei នឹងខិតខំរិះរកនូវបច្ចេកវិទ្យាថ្មីៗដើម្បីឱ្យទាន់តម្រូវការរបស់អ្នកប្រើប្រាស់។




ប្រភព៖ gsmarena
- Share This Post:






