ចក្រភពអង់គ្លេសបានកត់ត្រាករណីថ្មីនៃជំងឺកូវីដ១៩ច្រើនជាង ១០០,០០០ ករណី ជាលើកដំបូងបំផុតមិនធ្លាប់មានពីមុន
- BY
- autoadmin
- December 23, 2021
ករណីជំងឺ COVID-19ប្រចាំថ្ងៃរបស់ចក្រភពអង់គ្លេស បានកើនឡើងដល់ ១០០,០០០ ករណី ជាលើកដំបូងបំផុត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ចក្រភពអង់គ្លេសបានរាយការណ៍ពីការឆ្លងថ្មីចំនួន ១០៦,១២២ ករណី កាលពីថ្ងៃពុធ ខណៈការឆ្លងប្រចាំថ្ងៃរបស់ខ្លួនមានលើសពី ៩០,០០០ ករណី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ជាមួយគ្នានេះដែរ ករណីជំងឺ COVID-19 ដែលទាក់ទងជាមួយនឹងវ៉ារ្យ៉ង់ អូមីក្រុង ក៏បានកើនឡើងលើសពី ១៣,០០០ ទៅដល់ ៧៤,០០០ ករណីផងដែរ ហើយវាត្រូវបានគេជឿថា វ៉ារ្យ៉ង់ថ្មី អូមីក្រុង គឺបានវាយប្រហារប្រហែល ៩០% នៃករណីសរុបទាំងអស់សម្រាប់ទីក្រុងឡុង។

ឥឡូវនេះរដ្ឋាភិបាលអង់គ្លេសកំពុងមានសម្ពាធខ្លាំង ហើយក៏កំពុងជំរុញការផ្តល់វ៉ាក់សាំងដូសទី៣ ដល់ប្រជាជនដោយការដាក់ចល័តបុគ្គលិកយោធា ដើម្បីធ្វើការលើការផ្ដល់វ៉ាក់សាំងបង្ការ។ រដ្ឋាភិបាលក៏បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីទិញថ្នាំប្រឆាំងមេរោគចំនួន ៤.២៥ លានឈុត ដែលត្រូវបានបង្កើតឡើងដាច់ដោយឡែកពីគ្នាដោយក្រុមហ៊ុន Merck និង Pfizer ដើម្បីការពារអ្នកជំងឺ COVID-19 មិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។ រដ្ឋាភិបាលក៏កំពុងដាក់ឱ្យប្រើប្រាស់ថ្នាំ molnupiravir របស់ក្រុមហ៊ុន Merck រួចហើយដែរ ដល់មនុស្សដែលមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






