កូវីដ-១៩

ប្រទេសថៃរាយការណ៍ពីការផ្ទុះឡើងជាចង្កោមនៃករណីជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ដែលធ្វើឱ្យខ្លួនត្រូវលុបចោលសកម្មភាព​ក្នុងឱកាសចូល​ឆ្នាំថ្មីមួយចំនួន

BY
autoadmin
December 24, 2021

ប្រទេសថៃនៅថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានរកឃើញករណីផ្ទុះឡើងជាចង្កោមជាលើកដំបូង ដែលទាក់ទងនឹងជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង នៅក្នុងខេត្ត Kalasin ភាគឦសានប្រទេសថៃ។ អ្នកនាំពាក្យក្រុមការងារទទួលបន្ទុកជំងឺ COVID-19 របស់ប្រទេសនេះ គឺលោកស្រី Apisamai Srirangsan បាននិយាយថា៖«ការផ្ទុះជាចង្កោមនៅ Kalasin បានធ្វើឱ្យមានអ្នកឆ្លងថ្មីចំនួន ២១នាក់» ដោយបន្ថែមថា ការឆ្លងគឺកើតចេញពីប្តីប្រពន្ធមួយគូមកពីប្រទេសបែលហ្សិក ដែលបានធ្វើដំណើរតាមរយៈគម្រោង Test & Go ដែលអនុញ្ញាតឱ្យពួកគេរួចពីការធ្វើចត្តាឡីស័ក ដោយសារពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចហើយ។

ប្រភពបាននិយាយថា អ្នក​ទាំង​ ២ បាន​ធ្វើ​តេស្ត​​អវិជ្ជមាន​ជាមួយជំងឺ COVID-19 ទាំងមុន​ពេល​ធ្វើ​ដំណើរ និង​បន្ទាប់​ពី​មក​ដល់​ប្រទេស​ថៃ​នៅ​ដើម​ខែ​ធ្នូ។ រហូតដល់ថ្ងៃទី១៥ ខែធ្នូ ពួកគេចាប់ផ្តើមមានរោគសញ្ញា និងបានធ្វើតេស្តវិជ្ជមាន ហើយក្រោយមកត្រូវបានបញ្ជាក់ថាជាវ៉ារ្យ៉ង់ អូមីក្រុង ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ទីក្រុង​បាងកក ​បាន​លុប​ចោល​សកម្មភាព​ចូល​ឆ្នាំ​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល ​រួម​ទាំង​ការ​បួងសួង​នៅកណ្តាល​អធ្រាត្រផងដែរ។ កាំជ្រួច និងព្រឹត្តិការណ៍រាប់ថយក្រោយ ដែលរៀបចំដោយផ្សារទំនើបនៅតែដំណើរការទៅមុខ  ហើយត្រូវការភស្តុតាងនៃការចាក់វ៉ាក់សាំង និងលទ្ធផលតេស្តរហ័ស។ ក្រសួង​សុខាភិបាលថៃ​ក៏​ធ្លាប់​បាន​និយាយ​ដែរ​ថា ខ្លួន​នឹង​ណែនាំឱ្យមានការចាក់វ៉ាក់សាំងដូស​ទី៤ សម្រាប់​បុគ្គលិក​ពេទ្យបន្ទាប់ទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: