សាច់រឿងថ្មីពីភីអិនអិន Kimberley សម្តែងជាតួអង្គកូនភ្លោះក្នុងឈុតឆាកសង្គ្រាមស្នេហាត្រីកោណយ៉ាងជក់ចិត្ត
ខ្សែភាពយន្ត ដែលនឹងចូលខ្លួនមកបម្រើចំណីចក្ខុអារម្មណ៍បន្តទៀតនោះគឺ ជាសាច់រឿង ដែលឆ្លុះបញ្ចាំងពីខ្សែជីវិតបងប្អូនភ្លោះពីរនាក់ ដែលមានចរិតនិស្ស័យខុសគ្នាដាច់ស្រលះ។ ក្នុងនោះដែរ តារាសម្តែងដែលនឹងត្រូវគ្រងតំណែងជាតួឯកធំនោះគឺ Kimberley Anne Woltemas ជាតួអង្គកូនភ្លោះ ដែលមានមុខមាត់ដូចគ្នា ប៉ុន្តែនិស្ស័យចរិតខុសគ្នា ដាច់ស្រឡះ ។ ពីតារាសម្តែងដ៏ល្បីប្រចាំប្រទេសថៃរូបនេះ នឹងធ្វើឲ្យសាច់រឿងនៃជីវិតកូនភ្លោះទាំងពីរ កាន់តែចង់តាមដានពីឈុតឆាកមួយទៅឈុតឆាកមួយទៀត ដោយក្នុងនោះ កញ្ញាដើរតួសម្តែងជាតួអង្គពីររួមគ្នាតែមួយ ដោយត្រូវបែកចែកចរិតនៃតួអង្គសម្តែងក៏ខុសគ្នាផងដែរ។

ឌឿន និងភីត គឺជាបងប្អូនភ្លោះស្រីនឹងគ្នា ហើយពួកគេមានមុខមាត់ដូចគ្នាសឹងតែទាំងស្រុង។ ជារឿងមួយដែលពិបាកបំផុតសម្រាប់បងប្អូនភ្លោះទាំងពីរ ក៏ដោយសារតែពួកគេមានចរិតខុសគ្នា ដូចមេឃ និងដី និងមានចិត្តគំនិតមិនដូចគ្នា។ ឌឿន និងភីត ថ្បិតតែមានមុខមាត់ដូចគ្នាក៏ពិតមែន ក៏ប៉ុន្តែឌឿនជាមនុស្សស្រីមានល្បិចកលច្រើន មានចិត្តច្រណែនឈ្នានីស មិនចង់ឲ្យអ្នកណាមានប្រៀបជាង។ ចំណែកឯភីតវិញ ជាមនុស្សស្រីមានចិត្តស្លូត្រង់ និងជាមនុស្សដែលស៊ូទ្រាំឈឺចាប់ម្នាក់ឯង ដើម្បីសេចក្តីសុខអ្នកដទៃ។ ឌឿន និងភីត គឺជាក្មេងកំព្រាឪពុកម្តាយ ដែលធំដឹងក្តីឡើងជាមួួយនឹងការប្រឹងប្រែងដោយខ្លួនឯង។ ឌឿន ប្រលូកក្នុងវិស័យសិល្បៈជាអ្នកបង្ហាញម៉ូត រីឯភីតត្រឹមតែបុគ្គលិកធម្មតាម្នាក់។ ថ្ងៃមួយ ឌឿនបានជួបនឹងបុរសអភិជនវ័យចំណាស់ម្នាក់ ដែលមានទ្រព្យស្តុកស្តម ហើយក្នុងពេលនោះ ភីតក៏បានជួបនឹងវ៉ារីត ដែលត្រូវជាក្មួយប្រុសរបស់គូកំណាន់ឌឿនផងដែរ។ ដោយសារតែចិត្តលោភលន់ ឌឿន បានប្រើល្បិចកល ចង់ស្រវាយកវ៉ារីតចេញពីភីត ដោយរកវិធីគ្រប់យ៉ាង ដើម្បីបំផ្លាញទំនាក់ទំនងស្នេហារវាងភីត និងវ៉ារីត។

ខាងលើនេះ គ្រាន់តែជាការសង្ខេបសាច់រឿងទាំងមូលតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់់ការបង្ហាញនូវចំណងបញ្ហាក្នុងសាច់រឿងលម្អិត ដែលមានទៅដោយឈុតឆាកល្អមើលយ៉ាងណាទៀតនោះ សូមរង់ចាំទស្សនានៅក្នុងរឿង វិថីស្នេហ៍កូនភ្លោះ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់់ពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ០៦ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖







