ប្រទេសបារាំងបានមើលឃើញពីការកើនឡើងនៃករណីជំងឺកូវីដ១៩ ជាមួយនឹងករណីថ្មីហក់ឡើងដល់ជាង ២០០,០០០ ករណីក្នុងមួយថ្ងៃ
- BY
- autoadmin
- December 30, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រទេសបារាំងបានមើលឃើញពីការកើនឡើងនៃការឆ្លងជំងឺ COVID-19 ក្នុងចំនួនដ៏ច្រើនលើសលប់ ជាមួយនឹងករណីថ្មីចំនួន ២០៨,០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ប្រទេសនេះបាននឹងកំពុងបំបែកកំណត់ត្រាឆ្លងថ្មីៗ ម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយនឹងករណីចំនួន ១៨០,០០០ ករណី កាលពីថ្ងៃអង្គារ ដែលជាកម្រិតខ្ពស់បំផុតសម្រាប់ប្រទេសមួយនៅអឺរ៉ុប នេះបើយោងតាមទិន្នន័យនៅលើ Covidtracker.fr ។

ចំណែកស្ថានភាពនៅតាមមន្ទីរពេទ្យក៏កំពុងបន្ថែមការព្រួយបារម្ភផងដែរ ដោយសារតែវ៉ារ្យ៉ង់ ដែលតា ហើយនេះមិនទាន់និយាយពី អូមីក្រុង ដែលកំពុងវាយប្រហារយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ បើទោះបីជាប្រទេសបារាំងនៅមិនទាន់បានរងផលប៉ះពាល់ពី អូមីក្រុង ខ្លាំងនៅឡើយក៏ដោយ។ គួរឱ្យដឹងដែរថា ទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានបង្ហាញកាលពីថ្ងៃពុធថា ការឆ្លងជំងឺ COVID-19 ជាសកលបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរថ្ងៃកន្លងមកនេះ ដោយសារវ៉ារ្យ៉ង់ថ្មី អូមីក្រុង ដែលបានរីករាលដាលយ៉ាងឆាប់រហ័ស ដោយធ្វើឱ្យកម្មករជាច្រើនត្រូវនៅផ្ទះ និងការធ្វើតេស្តដ៏ច្រើនលើសលុប៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






