សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាម្សិលមិញនេះ មានអ្នកឆ្លងកូវីដ អូមីក្រុង ក្នុងសហគមន៍ 3ករណីទៀត
កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ កន្លងទៅ ក្រសួងសុខាភិបាលបានធ្វើការប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ បម្លែងថ្មីឈ្មោះ អូមីក្រុង ម្នាក់ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ហើយករណីនេះ គឺជាករណីដំបូង ដែលមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍។

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានបញ្ជាក់ថាកាលពីម្សិលមិញ ពោលគឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ រកឃើញមានអ្នកឆ្លងកូវីដ-១៩ ប្រភេទអូមីក្រុង ៣នាក់ទៀតហើយ ដែលជាករណីឆ្លងចូលសហគមន៍៕
