បច្ចេកវិទ្យា

6 ចំណុចពិសេសៗ ដែល OnePlus 6T ខុសប្លែកពី OnePlus 6

BY
Khmernote Media
October 30, 2018

កាលពីម្សិលមិញនេះ ក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីខាងល្បឿន គឺក្រុមហ៊ុន OnePlus បានដាក់បង្ហាញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន OnePlus 6T ដែលជាកំណែ Update ថ្មីពី OnePlus 6។ 6T បានកែប្រែរូបរាងបន្តិចបន្តួច និងបន្ថែមបច្ចេកវិទ្យាចុងក្រោយថ្មីៗពីលើ 6 ប៉ុន្តែនៅរក្សាតម្លៃដដែល។ ខាងក្រោមនេះគឺជាចំណុចពិសេសៗទាំង 6 ដែលធ្វើឲ្យ OnePlus 6T ខុសប្លែកពី OnePlus 6៖

1. រូបរាង និងអេក្រង់៖ 6T នៅរក្សាទំហំ និងរូបរាងដែលដូច 6 ដែរ ដោយ 6T បានលុបបំបាត់កន្លែងស្កែនក្រយ៉ៅដៃខាងក្រោយចេញ ហើយអេក្រង់នៅលើ 6T មានទំហំធំជាងរហូតដល់ 6.41-inch ដោយសារតែ OnePlus ពង្រួមក្បាលឆកឲ្យដល់គែម និងពង្រួមចង្ការខាងក្រោមអេក្រង់ឲ្យខ្លី។

2. Notch (ក្បាលឆក)៖ OnePlus 6 មានឆកយ៉ាងធំនៅលើក្បាល ប៉ុន្តែ 6T ប្រើប្រាស់ក្បាលឆកដំណកទឹក (waterdrop) ដែលតូចជាងមុនច្រើន ធ្វើឲ្យផ្ទៃអេក្រង់កាន់តែធំទូលាយ ចំណែករបាបង្ហាញដំណឹងក៏កាន់តែបង្ហាញបានច្រើនផងដែរ។

3.  ស្កែនក្រយ៉ៅដៃលើអេក្រង់៖ OnePlus 6T ប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅដៃនៅលើអេក្រង់ផ្ទាល់តែម្តង ហើយ OnePlus បានអះអាងថា ពេលស្កែនម្តងៗចំណាយពេលត្រឹមតែ 0.34វិនាទីប៉ុណ្ណោះ។

4. កម្លាំងថ្ម៖ OnePlus 6 មានទំហំថ្មត្រឹមតែ 3,300mAh ប៉ុណ្ណោះ ប៉ុន្តែ 6T មានកម្លាំងរហូតដល់ 3,700mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនផងដែរ។

5. រន្ធដោតកាស៖ អាចនិយាយបានថា វាជាចំណុចអវិជ្ជមានមួយសម្រាប់ 6T ដោយសារតែ OnePlus សម្រេចលុបបំបាត់រន្ធដោតកាសនេះចោល ប៉ុន្តែ OnePlus បានតបមកវិញថា ដោយសារតែបន្ថែមទំហំថ្ម និងបំពាក់ស្កែនក្រយ៉ៅដៃលើអេក្រង់ ដែលចំណុច២នេះស៊ីកន្លែងអស់ច្រើននៅក្នុងស្មាតហ្វូន ទើបក្រុមហ៊ុនសម្រេចចិត្តលុបបំបាត់រន្ធដោតកាសចោល

6. តម្លៃ៖ OnePlus 6T មានតម្លៃដូច 6 ដែរ ប៉ុន្តែចំណេញត្រង់ OnePlus បន្ថែមអង្គចងចាំរហូតដល់ 128GB គ្រប់ម៉ូដែល គឺលែងមានម៉ូដែល 64GB ដូចមុនហើយ។

+ RAM 6GB Memory 128GB តម្លៃ $549
+ RAM 8GB Memory 128GB តម្លៃ $579
+ RAM 8GB Memory 256GB តម្លៃ $629

អត្ថបទ៖ សេម

Share This Post: