ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានចំនួនជិត ១៤លាននាក់ គិតត្រឹមយប់ម្សិលមិញនេះ

    BY Khmernote Media January 26, 2022
    កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងដូសមូលដ្ឋាន បានចំនួនជិត ១៤លាននាក់ គិតត្រឹមយប់ម្សិលមិញនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ការងារចាក់វ៉ាក់សាំងនៅព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្ហាញនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយមានប្រជាពលរដ្ឋសរុបទូទាំងប្រទេស បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ឬដូសទី២រួចរាល់ បានចំនួន ១៣ ៧៤៣ ៦១២ នាក់ គិតត្រឹមយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។

    សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ១៩៥ ២២៦ នាក់ ដែលបានចាក់ដូសទី១ និងចំនួន ៩ ៨៤២ ៨៩១ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៩៥% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ក្នុងនោះសម្រាប់ដូសទី៣វិញ សម្រេចចាក់បានចំនួន ៤ ៨៤៦ ៩១២ នាក់ និងដូសទី៤ បានចំនួន ៣៧២ ៦៣៥ នាក់។

    ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៧ ៦៤៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៨ ៧៤០ នាក់ ដែលស្មើនឹង ៩៩.៤៧% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

    ក្នុងនោះផងដែរ ចំពោះកុមារអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៨ ៣៩៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៨ ៥៣៨ នាក់ ដែលស្មើនឹង ១០៥.៨៥% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២១ ០៨៧ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៣ ៤៤៣ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៥.៥១%។

    បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៦៤% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: