ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុន ប្រគល់រថយន្តដឹកសំរាមចំនួន ១០គ្រឿងបន្ថែមដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងសំរាម

    BY soknita April 27, 2026
    ជប៉ុន ប្រគល់រថយន្តដឹកសំរាមចំនួន ១០គ្រឿងបន្ថែមដល់កម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងសំរាម

    (រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុន បានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០គ្រឿងទៀត ដល់ក្រសួងបរិស្ថានកម្ពុជា។ នេះជាជំនួយលើកទីបី ដែលធ្វើឱ្យចំនួនរថយន្តជាជំនួយរបស់ជប៉ុនសរុបកើនឡើងចំនួន ៣០គ្រឿង។ រថយន្តទាំងនេះ ត្រូវបានប្រគល់ជាផ្លូវការ ដោយឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

    ក្នុងពិធីប្រគល់ និងទទួលជំនួយរថយន្តដឹកសំរាមរបស់ប្រទេសជប៉ុនបន្ថែមចំនួន១០គ្រឿង នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកជំនួយនេះ ជាការចូលរួមចំណែកពង្រឹងសមត្ថភាពគ្រប់គ្រងកាកសំណល់នៅថ្នាក់ក្រោមជាតិ បន្ទាប់ពីរថយន្តដឹកសំរាមទាំងនេះ ត្រូវបានបែងចែកបន្តបន្ទាប់ទៅអាជ្ញាធរខេត្តភ្លាមៗ ដើម្បីឱ្យរដ្ឋបាលមូលដ្ឋានបង្កើនសេវាប្រមូល និងទុកដាក់សំរាមនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះ បានគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់កម្ពុជា ដែលមានគោលបំណងលើកកម្ពស់ «ស្អាត បៃតង និងចីរភាព»របស់ប្រទេសកម្ពុជា ជាពិសេសប្រព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យមានភាពប្រសើរឡើង និងពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាន នូវគោលដៅបរិស្ថានរយៈពេលវែង។ ឯកឧត្តមបានលើកទឹកចិត្តដល់អាជ្ញាធរខេត្តឱ្យថែរក្សាយានយន្តឱ្យបានត្រឹមត្រូវ និងធានាបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។

    ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានព្រមានជាថ្មីដល់ប្រតិបត្តិករប្រមូលសំរាម ដែលដុតសំរាម ឬអនុញ្ញាតឱ្យមានភ្លើងឆេះនៅកន្លែងចាក់សំរាម ដោយឯកឧត្តម ថ្លែងថា នឹងប្រឈមមុខនឹងការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាប័ណ្ណអាជីវកម្ម៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post: