ព័ត៌មានជាតិ

ស្ងាត់ៗ ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចបាន ៦០% ហើយ

BY
Khmernote Media
January 26, 2022

យោងតាមការបញ្ជាក់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧% ។ តាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខ។ គម្រោងស្ពាននេះ មានរចនាបទទំនើបដែលមានសរសរធំចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប ។

គួរបញ្ជាក់ផងដែរថា ស្ពានបេតុងដែលស្ថាបនានៅអម ជាមួយស្ពានបាឡេនៅមុខឃ្លាំងសាំងនេះមានប្រវែង ៩២២ម៉ែត្រ មានទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រ សងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។ សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤ គន្លងខ្សែយានយន្ត ទទឹង ៣.៧៥ម៉ែត្រ គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅរដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ ស្លាកសញ្ញាចរាចរ។ ស្ពាននេះសាងសង់​ដោយ​ក្រុមហ៊ុន OOOCIC ដោយប្រើរយៈពេលវេលា​ ២៨​ខែ និងប្រើប្រាស់ថវិកា​សាងសង់ចំនួន ៣៥​លាន​ដុល្លារ​អាមេរិក​។

គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ នាពេលខាងមុខ៕

Share This Post: