លោកជំទាវ ឱ វណ្ណឌីន ណែនាំពីរបៀបប្រើប្រាស់ឱសថព្យាបាលជំងឺកូវីដ-១៩ ប្រភេទ Molnupiravir សម្រាប់អ្នកជំងឺនៅក្នុងកម្រិតស្រាល និងមធ្យម (មានវីដេអូ)
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា នៅក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ណែនាំបន្ថែមពីការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសកូវីដ អូមីក្រុងនៅតាមផ្ទះ។

តាមរយៈនៃការសម្ភាស លោកជំទាវ បានមានប្រសាសន៍ “បច្ចុប្បន្ននេះ នៅលើកសកលលោកស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ពិសេសពពួកមេរោគអូមីក្រុងនេះកំពុងតែសកម្ម ចម្លងពីប្រទេសមួយទៅប្រទេសមួយ ហើយយើងកំពុងបន្ត សង្កេតឃើញថា មកដល់ទល់ពេលនេះ បណ្ដាប្រទេសប្រហែល ១៦៨ប្រទេសហើយ នៅលើសាកលលោក ដែលបានរាយការណ៍ នៃការរកឃើញនៃវីរុសកូវីដ បំបម្លែងថ្មីអូមីក្រុង ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ ការពារខ្លួនឲ្យបានម៉ត់ចត់ ដើម្បីជៀសវាងពីការចម្លងគ្នានៅវីរុសកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ហើយទន្ទឹមនឹងនេះ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យគ្រប់ៗគ្នា ទាំងអ្នកមិនបានចាក់ដូសទី១ អ្នកមិនទាន់ចាក់ដូសទី២ និងអ្នកដល់វេនត្រូវចាក់ដូសទី៣ ត្រូវមកចាក់ឲ្យបានគ្រប់គ្នា នៅតាមបណ្ដារាជធានី-ខេត្តទាំង២៥ “។
លោកជំទាវ បានបន្តទៀតថា ” ទន្ទឹមនឹងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងខ្លាំងខ្លា ភាពបត់បែនន់ភ្លន់របស់នាយករដ្ឋមន្ត្រី ដោយសម្តេចបានកែតម្រូវ និងកែសម្រួលនៅការព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិសេសពពួកអូមីក្រុង ដែលបានអនុញ្ញាតអោយការសម្រាកព្យាបាល នៅតាមផ្ទះ ឬតាមសណ្ឋាគារ កន្លែងសមរម្យ សមស្របទៅតាមគោលការណ៍ប្រតិបត្តិ ហៅថា SOP ដែលបានដាក់ចេញឲ្យអនុវត្ត តាំងពីឆ្នាំ២០២១ ដោយគណៈកម្មការអន្តរក្រសួងប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩រួចហើយនោះ ដូច្នេះការថែនាំ ព្យាបាលជំងឺកូវីដ-១៩ ដែលរួមទាំងមានប្រភេទដូចជា ដែលតា អាល់ហ្វា ឬអូមីក្រុងនេះ នៅតាមផ្ទះមួយចំនួននេះ គឺសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលោកមេត្តាយកចិត្តទុកដាក់ បន្តអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍ប្រតិបត្តិ ដែលបានធ្វើការណែនាំ ដោយគណៈកម្មការអន្តរក្រសួង ប្រយុទ្ធនិងជំងឺកូវីដ-១៩ ជាពិសេសសូមបងប្អូនអនុវត្ត នៅការដាក់ដោយឡែកពីក្រុមគ្រួសារឲ្យបានម៉ត់ចត់ជាទីបំផុត ដើម្បីជៀសវាងនៅការចម្លងបន្តគ្នានៅក្នុងក្រុមគ្រួសាររបស់ខ្លួន។ លោកជំទាវ បានឲ្យដឹងទៀតថា រាល់អ្នកជំងឺកូវីដ-១៩ ប្រភេទណាទេក្ដី ដែលមានវិជ្ជមានវីរុសកូវីដ-១៩ ដែលតា អាល់ហ្វា ឬក៏អូមីក្រុង ក៏ការថែទាំ ពិនិត្យព្យាបាល ត្រូវតែអនុវត្តប្រតិបត្តិស្ដង់ដា ដូចដែលបានជម្រាបជូនខាងដើម ដូច្នេះអ្នកជំងឺត្រូវនៅដាច់ដោយឡែកជាមួយគ្រួសារ ត្រូវមានបន្ទប់មួយដាច់ពីគ្រួសារ ដោយមិនពាក់ព័ន្ធជាមួយសមាជិកគ្រួសារ សម្ភារប្រើប្រាស់ មិនត្រូវនៅជិតជាមួយគាត់ទេ អនុវត្តគម្លាតគ្នា ពី១ម៉ែត្រ កន្លះ ទៅ២ម៉ែត្រឡើងទៅ រក្សាអនាម័យឲ្យបានល្អ បុគ្គលមានវិជ្ជមានត្រូវប្រើបន្ទប់ទឹកឲ្យដាច់ដោយឡែកផងដែរ។ ”
ក្នុងនោះលោកជំទាវ បានបន្ថែមថា សម្រាប់ការប្រើប្រាស់ឱសថអ្នកព្យាបាលជំងឺកូវីដ-១៩ នៅមានឱសថចេញថ្មីៗ ហើយឥឡូវមានឱសថថ្មីដែលហៅថា “ម៉ូលនូពីរ៉ាវា Molnupiravir” ដែលអាចមានការប្រើប្រាស់នៅលើអ្នកជំងឺមានវីរុសកូវីដ-១៩ អ្នកដែលប្រើឱសថនេះ ចាំបាច់ត្រូវមានការពិគ្រោះប្រឹក្សាយោលបល់ ហើយក៏មានការចេញនៅវេជ្ជបញ្ជា មានការណែនាំត្រឹមត្រូវពីក្រុមគ្រូពេទ្យ ដើម្បីទទួលបានការណែនាំត្រឹមត្រូវ ពីរបៀបរបកប្រើប្រាស់ពពួកឱសថ Molnupiravir នេះ។ ការប្រើប្រាស់ឱសថ Molnupiravir សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងកម្រិតស្រាល និងមធ្យម ដោយឡែកអ្នកមានស្ថានភាពធ្ងន់ សូមកុំព្យាយាមព្យាបាលទុកអ្នកជំងឺនៅផ្ទះឲ្យសោះ ចាំបាច់ត្រូវនាំគាត់ទៅសម្រាបព្យាបាលនៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា ហើយជាងនេះទៅទៀត ប្រភេទឱសថ Molnupiravir គឺប្រើបានតែមនុស្សពេញវ័យ ចាប់ពី១៨ឆ្នាំឡើង សូមឲ្យមានការប្រុងប្រយ័ត្នប្រើប្រាស់ មុននឹងលេបមិនត្រូវឲ្យពោះទទេ ត្រូវផឹកទឹកឲ្យបានច្រើន និងត្រូវលេបម្ដងចំនួន ៤គ្រាប់ អាស្រ័យទៅលើកម្រិតនៃឱសថដែរ ប្រសិនបើឱសថនេះ មួយគ្រប់មានកម្រិត ២០០មីលីក្រាម សូមលេបម្ដងចំនួន ៤គ្រាប់ មួយថ្ងៃលេបតែ២ដងទេ រៀងរាល់ ១២ម៉ោងម្ដង សូមលេប ៤គ្រាប់ ១២ពីម៉ោងក្រោយទៀតលេប ៤គ្រាប់ទៀត ហើយការប្រើប្រាស់សូមប្រើរយៈពេលតែ៥ថ្ងៃ ចំពោះស្ត្រីដែលបំបៅកូន និងស្ដ្រីដែលមានផ្ទៃពោះ គឺត្រូវបានជៀសវាង ព្រោះគេមិនទាន់សិក្សាបានថា ឱសថនេះ ប្រើប្រាស់នៅឡើយទេ និងសូមរក្សាឱសថប្រភេទនេះឲ្យបានល្អនៅក្នុងសីតុណ្ហភាពក្រោម ៣០អង្សាសេ ៕
